បាល់ទាត់៖ ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Andres Nieto បានក្លាយជាកីឡាករបរទេសទី២ ត្រូវបានក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសបន្ដកុងត្រា ១ឆ្នាំទៀតបន្ទាប់ពីខ្សែបម្រើជប៉ុន Yudia Ogawa បន្ទាប់ពីពួកគេបានរួមចំណែកយ៉ាងសំខាន់ជួយក្លិប គ្រងជើងឯកលីគកំពូលកម្ពុជាលើកទី៧ ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប។

Andres Nieto បានផ្ដើមអាជីពបាល់ទាត់នៅកម្ពុជាជាមួយក្រុមសិង្ហក្រហមកាលពីឆ្នាំ២០២០ ហើយនៅឆ្នាំ២០២១ ខ្សែប្រយុទ្ធរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមប្រយុទ្ធលើសមរភូមិវាលស្មៅ រហូតសម្រេចក្ដីស្រម៉ៃលើកពានលីគកំពូលកម្ពុជាលើកដំបូង ក្នុងអាជីពរបស់ខ្លួនជាមួយភ្នំពេញក្រោន។ មកទល់ពេលនេះ ភ្នំពេញក្រោនបានបន្ដកុងត្រាកីឡាករបរទេស ២រូបហើយដើម្បីត្រៀមរដូវកាលថ្មី ក៏ដូចជាត្រៀមការប្រកួតពានរង្វាន់ AFC Cup 2020 គឺកីឡាករ Andres Nieto និង Yudia Ogawa។ រីឯកីឡាករបរទេស ២រូបទៀតរួមមានខ្សែប្រយុទ្ធអ៊ុយក្រែន Valeriy Hyrshyn និងកីឡាករជប៉ុន Takaki Ose ក្លិបនៅមិនទាន់ប្រកាសបន្ដកុងត្រា ឬអត់នោះទេ បន្ទាប់ពីក្រុមជើងឯកលីគ ៧សម័យនេះបានចែកផ្លូវជាមួយខ្សែប្រយុទ្ធប្រេស៊ីល Matheus S.Silva មុនគេក្រោយចប់រដូវកាលកាលពីថ្មីៗ៕
អត្ថបទ៖ លី ឈុនឡា