មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីកណ្តាលទីក្រុង Cologne ភាគខាងលិចប្រទេសអាល្លឺម៉ង់ នាថ្ងៃពុធ (ទី៤ ខែមិថុនា) នេះ បន្ទាប់ពីរកឃើញគ្រាប់បែកសម័យសង្គ្រាមចំនួន ៣គ្រាប់ ជាអ្វីដែលអាជ្ញាធរទីក្រុងហៅថា វិធានការជម្លៀសធំបំផុត គិតចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២។
សេចក្តីថ្លែងការណ៍របស់អាជ្ញាធរ បានឲ្យដឹងថា តំបន់ជម្លៀសដែលមានទំហំក្នុងរង្វង់ ១.០០០ម៉ែត្រ នឹងត្រូវតែគ្មានមនុស្សម្នា ចាប់ពីម៉ោង ៨ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៦ ម៉ោងសកល) ដែលត្រូវប៉ះពាល់ដល់អ្នកស្រុកប្រហែល ២០.៥០០នាក់ ព្រមទាំងកម្មករ និងភ្ញៀវសណ្ឋាគារជាច្រើន នៅក្នុងទីក្រុងតូចវ័យចំណាស់ជាប្រវត្តិសាស្ត្ររបស់ទីក្រុងនេះ និងតំបន់ Deutz ដ៏ពេញនិយម។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា គ្រាប់បែកអាមេរិកចំនួន ៣គ្រាប់ពីសម័យសង្គ្រាមលោកលើកទី២ ត្រូវបានរកឃើញក្នុងអំឡុងពេលមានការងារសាងសង់ កាលពីថ្ងៃចន្ទ នៅ Deutz ដែលជាតំបន់ដ៏មមាញឹក នៅច្រាំងទន្លេ Rhine។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្រុមអ្នកជំនាញការកម្ចាត់គ្រាប់បែក គ្រោងនឹងកម្ទេចគ្រឿងផ្ទុះនេះ នៅយប់ថ្ងៃពុធនេះ។
គួរបញ្ជាក់ថា គ្រាប់បែកមិនទាន់ផ្ទុះត្រូវបានរកឃើញជាញឹកញាប់ នៅប្រទេសអាល្លឺម៉ង់ ជាទីដែលទីក្រុងធំៗជាច្រើន បានរងនូវការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង អំឡុងសម័យសង្គ្រាម តែប្រតិបត្តិការកម្ទេចគ្រាប់បែកបែបនេះ តែងតែប្រព្រឹត្តទៅដោយរលូន៕