អ្នកនាំពាក្យគណបក្សបានប្រាប់សារព័ត៌មាន AFPថា នគរបាលទួរគី នៅព្រឹកថ្ងៃពុធនេះ បានចាប់ខ្លួនអភិបាលក្រុងបក្សប្រឆាំងចំនួន ៥រូប រួមជាមួយ មនុស្ស១៧នាក់ផ្សេងទៀត ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការចោទប្រកាន់អំពើពុករលួយ នៅក្រុងដែលគ្រប់គ្រងដោយគណបក្ស CHP។

អ្នកនាំពាក្យ បាននិយាយថា ការចាប់ខ្លួនចុងក្រោយនេះ បានកំណត់គោលដៅអតីតសមាជិកសភា និងអភិបាលក្រុងមកពីគណបក្សCHP បីរូប នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល និងពីររូបទៀត នៅក្នុងខេត្ត Adana ភាគខាងត្បូង។
ការចាប់ខ្លួនចុងក្រោយនេះ នាំមកនូវចំនួនសរុបនៃអភិបាលក្រុង CHP ដែលជាប់ពន្ធនាគារចំនួន ៩រូប រួមទាំងអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ដែលជាគូប្រជែងនយោបាយសំខាន់របស់លោកប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan)។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការស៊ើបអង្កេតចុងក្រោយបំផុត បានចាប់ផ្តើមកាលពីចុងសប្តាហ៍មុន នៅពេលដែលតុលាការ បានចេញដីកាចាប់ខ្លួនមន្ត្រីក្រុងចំនួន ៤៧នាក់ ពាក់ព័ន្ធនឹងការស៊ើបអង្កេតអំពើពុករលួយចំនួន ៤ ដាច់ដោយឡែកពីគ្នា ដែលផ្តោតលើទីក្រុងអ៊ីស្តង់ប៊ុល។
ការចាប់ខ្លួន និងដាក់លោក Imamoglu ក្នុងពន្ធនាគារ កាលពីថ្ងៃទី ១៩ ខែមីនា បានបង្កឲ្យមានការតវ៉ាតាមដងផ្លូវដ៏ធំបំផុត ដែលប្រទេសទួរគី បានឃើញក្នុងរយៈពេលជាងមួយទសវត្សរ៍។
