ក្រសួងការបរទេសចិននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក នៅក្នុងការរំឭករបស់ពួកគេចំពោះបាតុកម្មនៅទីលានចតុរង្គ Tiananmen កាលពីឆ្នាំ ១៩៨៩ បានបំភ្លៃការពិតប្រវត្តិសាស្រ្ត និងវាយប្រហារប្រព័ន្ធនយោបាយចិន ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនបានដាក់ការតវ៉ាទៅកាន់ភាគីសហរដ្ឋអាមេរិករួចហើយ ។
គួរឲ្យដឹងថា រថយន្តក្រោះចិនបានបើកចូលទៅកាន់ទីលានចតុរង្គ Tiananmen ស្ថិតក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៨៩ ហើយទាហានបានបាញ់ប្រហារ ដើម្បីបញ្ចប់បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ។ គណបក្សកុម្មុយនិស្ត ពុំធ្លាប់ដែលបញ្ចេញចំនួនមនុស្សស្លាប់នោះទេ បើទោះជាក្រុមសិទ្ធិមនុស្ស និងក្រុមសាក្សីនិយាយថា តួលេខអាចមានរហូតរាប់ពាន់នាក់ក៏ដោយ ។
កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានកើតសរសើរសេចក្តីក្លាហានរបស់ពលរដ្ឋចិន ដែលត្រូវបានសម្លាប់នៅក្នុងការចាត់វិធានការបង្ក្រាបនោះ ៕
