យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋចិន CCTVបានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយប្រាប់ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងលោក Lee Jae-myung នៅថ្ងៃពុធនេះថា ទីក្រុងប៉េកាំងភ្ជាប់សារៈសំខាន់បំផុត ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំង ២ ។

ទូរទស្សន៍ CCTV រាយការណ៍ថា លោក Xiនិយាយប្រាប់លោក Leeនៅក្នុងសារអបអរសាទរថា ភាពមិនច្បាស់លាស់ បានកើនឡើងលើស្ថានភាពអន្តរជាតិ និងស្ថានភាពក្នុងតំបន់ ។
លោកនិយាយថា លោកភ្ជាប់សារៈសំខាន់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងត្បូង ។
ទូរទស្សន៍ CCTVរាយការណ៍ទៀតថា លោក Xiនិយាយប្រាប់លោក Leeថា ចិនចង់ធ្វើការជាមួយភាគីកូរ៉េខាងត្បូង ដើម្បីរក្សានូវបំណងដំបូងនៃការបង្កើតទំនាក់ទំនងការទូត និងមិត្តភាពប្រទេសជិតខាងល្អ ។
គួរឲ្យដឹងថា លោក Leeបានឈ្នះការបោះឆ្នោតមុនកាលកំណត់រៀបចំឡើងដោយសារការប្រកាសច្បាប់អាជ្ញាសឹកដ៏គ្រោះថ្នាក់របស់អ្នកឡើងកាន់តំណែងមុនរបស់លោកកាលពីខែធ្នូ ។
លោកសម្រេចបានជ័យជំនះសំឡេងភាគច្រើនលើគូប្រជែងអភិរក្សនិយមលោក Kim Moon-soo មកពីគណបក្សរបស់អតីតប្រធានាធិបតីលោក Yoon Suk Yeol នៅការបោះឆ្នោតមុនកាលកំណត់ ក្នុងនោះអាណត្តិរបស់លោក Lee នឹងចាប់ផ្តើមភ្លាមៗ ក្រោយសន្លឹកឆ្នោតសរុបត្រូវបានផ្ទៀងផ្ទាត់នៅព្រឹកថ្ងៃពុធនេះ ៕
