នៅខេត្តភាគពាយ័ព្យ Shaanxi ប្រទេសចិន ប្រជាកសិករនាំគ្នាប្រមូលផលស្រូវសាលីរបស់ពួកគេនៅលើវាលស្រែស្ងួត ប៉ុន្តែសេចក្តីសង្ឃឹមថាបានផលច្រើន មិនសូវមាននោះទេ ។
ឈរនៅជិតវាលស្រែរបស់គាត់ អ្នកស្រី Zhou Yaping គឺជាកសិករក្នុងស្រុកមួយរូបនិយាយថា គ្រោះរាំងស្ងួតឆ្នាំនេះ ពិតជាធ្ងន់ធ្ងរខ្លាំងណាស់ ។ ពួកយើងពុំធ្លាប់ដែលមើលឃើញស្ថានភាពបែបនេះ អស់រយៈពេលច្រើនឆ្នាំមកហើយ ។ អ្នកស្រីបន្តថា តាំងពីរដូវរងាមុន រហូតមកដល់ពេលនេះ គ្មានភ្លៀងធ្លាក់មួយដំណក់សោះឡើយ ។
គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានវាយប្រហារតំបន់ជាច្រើននៃខ្សែក្រវាត់ស្រូវសាលីរបស់ចិន ជាពិសេសនៅខេត្ត Shaanxi និងខេត្តភាគកណ្តាល Henan ជាទីដែលមានការដាំស្រូវសាលីជាង ១ភាគ ៤ ។
កាលពីខែមុន ខេត្ត Shaanxi មើលឃើញសីតុណ្ហភាពមធ្យមខ្ពស់បំផុត ចាប់តាំងពីកំណត់ត្រាចាប់ផ្តើមកាលពីឆ្នាំ ១៩៦១ ធ្វើឲ្យដីក្តៅបែកក្រហែង និងកម្លោចស្រូវសាលី មុនពេលវាទុំ ។
ស្របពេលដែលតួលេខផ្លូវការមិនទាន់ចេញនៅរយៈពេល ៦សប្តាហ៍ទៀតនោះ កសិករមួយចំនួន និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រពីការខាតបង់ និងការប្រមូលផលទាបរបស់ពួកគេ ពោលគឺធ្លាក់ចុះរហូតដល់ពាក់កណ្តាល ។
តំបន់មួយចំនួនក្នុងខេត្ត Shaanxi គ្រោះរាំងស្ងួតបានធ្វើឲ្យប្រជាកសិករឆាប់ប្រមូលផលមុន ១សប្តាហ៍ ហើយខណៈដែលភ្លៀងធ្លាក់កាលពីប៉ុន្មានថ្ងៃមុន វាបានគំរាមកំហែងផងដែរ បង្អាក់ដល់កសិករដែលមិនទាន់បានប្រមូលផល ៕