នៅថ្ងៃពុធនេះ ជនប៉ាឡេស្ទីន បាននាំគ្នាកាន់ទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀនផ្តល់ជាកន្លែងជ្រកកោនដល់គ្រួសារជម្លៀសខ្លួន ស្ថិតនៅភាគខាងលិចនៃទីក្រុងភាគខាងត្បូង Khan Younis ។
ក្រុមអាជ្ញាធរសុខភាពក្នុងស្រុក និយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ១៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ រួមទាំងស្រ្តី និងកុមារផងដែរ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបនៅថ្ងៃនេះកើនឡើងដល់ ២១នាក់ ។
គ្មានការឆ្លើយតបភ្លាមៗនោះទេពីអ៊ីស្រាអែល ដែលនិយាយថា ពួកគេប្រយុទ្ធដើម្បីដោះលែងចំណាប់ថ្នូរសេសសល់ដែលនៅចាប់ខ្លួនដោយក្រុមជីវពលហាម៉ាសក្នុងតំបន់ហ្កាហ្សា និងកម្ចាត់ក្រុមមួយនេះឲ្យអស់ ។
អ្នកស្រុកនិយាយថា យោធាអ៊ីស្រាអែល បង្កើនការវាយប្រហារតាមច្រកអាកាស ហើយរថក្រោះផ្លោងគ្រាប់កាំភ្លើងធំលើតំបន់ជាច្រើនក្នុងទីក្រុង Khan Younis រយៈពេល ១ថ្ងៃក្រោយពួកគេទម្លាក់ខិតប័ណ្ណឲ្យជនប៉ាឡេស្ទីនចាកចេញពីផ្ទះសម្បែង និងធ្វើដំណើរទៅភាគខាងលិច ដោយពួកគេនិយាយថា កងកម្លាំងអ៊ីស្រាអែល នឹងប្រយុទ្ធជាមួយក្រុមហាម៉ាស និងក្រុមជីវពលផ្សេងទៀតនៅតំបន់នោះ ។
យោងតាមការអះអាងរបស់អាជ្ញាធរសុខភាពហ្កាហ្សា បានឲ្យដឹងថា យុទ្ធនាការសឹករបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំ ២០២៣រហូតមក បានសម្លាប់ជនប៉ាឡេស្ទីនជាង ៥៤.០០០នាក់ ៕