ក្រុមបាតុករនាំគ្នាបិទផ្លូវ និងដង្ហែរក្បួននៅតាមតំបន់ជាច្រើនក្នុងប្រទេសបូលីវី ស្របពេលដែលពលរដ្ឋខឹងសម្បារ ទាមទាររកដំណោះស្រាយចំពោះកង្វះខាតប្រេងឥន្ធនៈដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រទេសមួយនេះ អស់រយៈពេលជាច្រើនខែមកហើយ ។
នៅទីក្រុង Cochabamba ដែលជាតំបន់កាន់កាប់របស់អតីតប្រធានាធិបតីលោក Evo Moralesក្រុមបាតុករ នាំគ្នាបិទផ្លូវ និងតវ៉ានៅខាងក្រៅក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋ YPFB ដែលបានប្រកាសថា ប្រេងឥន្ធនៈប្រហែល ៧៥,៧លានលីត្រ ត្រូវបានគេរំពឹងថានឹងមកដល់ក្នុងសប្តាហ៍នេះ ។
ក្រុមអ្នកគាំទ្រលោក Morales បាននាំគ្នាដង្ហែរក្បួនតាមដងផ្លូវផងដែរ ជាទីដែលសេវាកម្មសង្រ្គោះបន្ទាន់សុខភាពក្រុង Cochabamba រងផលប៉ះពាល់ដោយសារការផ្គត់ផ្គង់ប្រេងឥន្ធនៈមិនជាប់លាប់ ។
ទីភ្នាក់ងារព័ត៌មាន ABI រាយការណ៍ថា រដ្ឋាភិបាលបូលីវី បានជូនដំណឹងកាលពីថ្ងៃអង្គារថា ការបិទផ្លូវ ធ្វើឲ្យខាតបង់សេដ្ឋកិច្ចទំហំទឹកប្រាក់ ២០ម៉ឺនដុល្លារ ក្នុងនោះទីក្រុង Cochabamba រងផលប៉ះពាល់ខ្លាំងជាងគេ ។
ទីភ្នាក់ងារព័ត៌មាន ABI រាយការណ៍បន្តថា រដ្ឋាភិបាលនិយាយថា គោលបំណងការពារការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងស្បៀងអាហារមូលដ្ឋានពីការមកដល់គោលដៅ នឹងធ្វើឲ្យអស្ថិរភាពដល់រដ្ឋាភិបាលបូលីវីតែប៉ុណ្ណោះ ៕