រដ្ឋមន្ត្រីការពារជាតិ លោក Yasar Guler បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រទេសទួរគីកំពុងបណ្តុះបណ្តាល និងផ្តល់ប្រឹក្សាដល់កងកម្លាំងប្រដាប់អាវុធស៊ីរី ហើយនិងជួយលើកកម្ពស់យុទ្ធសាស្ត្រការពាររបស់ប្រទេសនេះ ស្របពេលមិនទាន់មានផែនការភ្លាមៗនៅឡើយទេ សម្រាប់ការដកចេញ ឬការផ្លាស់ប្តូរទីតាំងកងទ័ពរបស់ខ្លួនដែលឈរជើងនៅទីនោះ។
ទួរគីបានក្លាយជាសម្ព័ន្ធមិត្តបរទេសដ៏សំខាន់របស់រដ្ឋាភិបាលថ្មីនៃប្រទេសស៊ីរី គិតចាប់តាំងពីក្រុមឧទ្ទាម ដែលខ្លះត្រូវបានគាំទ្រអស់ជាច្រើនឆ្នាំដោយទីក្រុងអង់ការ៉ា បានបណ្តេញអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad ចេញពីអំណាច ក្នុងខែធ្នូ ដែលជាការបញ្ចប់ការគ្រប់គ្រងរយៈពេល ៥ទសវត្សរ៍របស់គ្រួសារលោក។
ប្រទេសនេះបានសន្យាថា នឹងជួយកសាងប្រទេសជិតខាងស៊ីរីឡើងវិញ និងជួយសម្រួលដល់ការវិលត្រឡប់របស់ជនភៀសខ្លួនសង្គ្រាមស៊ីវិលស៊ីរីរាប់លាននាក់ និងបានដើរតួនាទីយ៉ាងសំខាន់ កាលពីខែមុន ក្នុងដំណើរការដែលសហរដ្ឋអាមេរិក និងអឺរ៉ុបដកទណ្ឌកម្មពីប្រទេសស៊ីរី។
តែយ៉ាងណាក្ដី ឥទ្ធិពលថ្មីរបស់ទួរគី នៅទីក្រុងដាម៉ាស បានបង្កើនក្ដីបារម្ភដល់អ៊ីស្រាអែល និងបង្ករជាហានិភ័យនៃការប្រឈមមុខដាក់គ្នា ឬការមានស្ថានភាពកាន់តែអាក្រក់ទៅៗ នៅប្រទេសស៊ីរី រវាងមហាអំណាចក្នុងតំបន់។
លោក Guler បានបញ្ជាក់ថា អាទិភាពជារួមរបស់ប្រទេសទួរគី នៅក្នុងប្រទេសស៊ីរី គឺការរក្សាបូរណភាពដែនដី និងឯកភាពជាតិរបស់ប្រទេសនេះ ហើយបំបាត់អំពើភេរវកម្ម ដោយលោកបានបន្ថែមថា ទីក្រុងអង់ការ៉ាកំពុងគាំទ្រដល់ទីក្រុងដាម៉ាស ក្នុងកិច្ចប្រឹងប្រែងទាំងនេះ៕