សភាហ្វាំងឡង់ នៅថ្ងៃពុធ (ទី៤ ខែមិថុនា) នេះ បានបោះឆ្នោតគាំទ្រដល់ការបន្តច្បាប់គ្រាអាសន្នដែលអនុញ្ញាតឲ្យប្រទេសអឺរ៉ុបខាងជើងមួយនេះបដិសេធការសុំសិទ្ធិជ្រកកោនពីជនអន្តោប្រវេន៍ នៅតាមព្រំដែនភាគខាងកើតដែលត្រូវបានបិទជាមួយរុស្ស៊ី និងបញ្ជូនពួកគេត្រលប់ទៅវិញ។
គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់បានបិទច្រកឆ្លងកាត់របស់អ្នកដំណើរទាំងអស់ នៅតាមបណ្តោយព្រំដែនខាងកើតប្រវែង ១.៣៤០គីឡូម៉ែត្ររបស់ខ្លួនជាមួយប្រទេសរុស្ស៊ី ចាប់តាំងពីចុងឆ្នាំ២០២៣ មក បន្ទាប់ពីបានចោទប្រកាន់រុស្ស៊ីថា បានប៉ុនប៉ងធ្វើឲ្យហ្វាំងឡង់មានអស្ថិរភាព ដោយការបញ្ជូនជនអន្តោប្រវេសន៍ពីទ្វីបអាហ្រ្វិក និងអាស៊ីទៅកាន់ព្រំដែន ជាការចោទប្រកាន់ដែលទីក្រុងមូស្គូបានបដិសេធ។
នៅឆ្នាំ២០២៣ ជនអន្តោប្រវេសន៍ប្រហែល ១.៣០០នាក់ បានទៅដល់តាមរយៈរុស្ស៊ី ដែលជំរុញឲ្យរដ្ឋាភិបាលនៅឆ្នាំ២០២៤ អនុម័តច្បាប់គ្រាអាសន្ន សម្រាប់រយៈពេល ១ឆ្នាំ ដែលអនុញ្ញាតឲ្យខ្លួនបដិសេធជនអន្តោប្រវេសន៍ និងការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេ ជាអ្វីដែលប្រឆាំងនឹងច្បាប់របស់សហភាពអឺរ៉ុប និងការប្តេជ្ញាចិត្តអន្តរជាតិរបស់ប្រទេសហ្វាំងឡង់។
រដ្ឋាភិបាលស្តាំនិយមរបស់ប្រទេសហ្វាំងឡង់បានស្នើឲ្យសភាបន្តសុពលភាពនៃច្បាប់គ្រាអាសន្នរយៈពេល ១ឆ្នាំកន្លះ ពោលគឺរហូតដល់ដំណាច់ឆ្នាំ២០២៦។ សភាបានអនុម័ត ដោយមានសមាជិកចំនួន ១៦៨រូបគាំទ្រ ហើយ ២៩រូបជំទាស់ នៅថ្ងៃពុធនេះ៕