អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova និយាយនៅថ្ងៃពុធនេះថា លោកខាងលិចបានពាក់ព័ន្ធទាំងប្រយោល និងដោយផ្ទាល់នឹងការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែនលើគោលដៅស៊ីវិលក្នុងប្រទេសរុស្ស៊ី ។
ប្រេសិតពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រចាំនៅអ៊ុយក្រែន និយាយថា ហានិភ័យកើនឡើងពីសង្រ្គាមនៅប្រទេសអ៊ុយក្រែន កំពុងឡើងកម្តៅ ក្រោយកងកម្លាំងអ៊ុយក្រែនប្រើប្រាស់យានដ្រូនវាយប្រហារយន្តហោះទម្លាក់គ្រាប់បែកមានសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ីនៅមូលដ្ឋានទ័ពអាកាសជាច្រើនកន្លែង ចូលទៅក្នុងជ្រៅទឹកដីរបស់រុស្ស៊ី ។
កាលពីថ្ងៃអង្គារម្សិលមិញ គណៈកម្មាធិការស៊ើបអង្កេតរដ្ឋរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា បានប្រព្រឹត្តទង្វើភេរវកម្ម ដោយបំផ្ទុះស្ពានផ្លូវរថភ្លើង ២កន្លែងនៅក្នុងប្រទេសរុស្ស៊ី កាលពីចុងសប្តាហ៍កន្លងទៅ ។ ការបំផ្ទុះនៅស្ពានផ្លូវហាយវ៉េ ពីលើរថភ្លើងដឹកអ្នកដំណើរ ក្នុងទីក្រុង Bryansk បណ្តាលឲ្យមនុស្សយ៉ាងហោច ៧នាក់ ស្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស រួមទាំងកុមារ ២នាក់ផងដែរ ។
នៅពេលសួរថាតើរុស្ស៊ីមានបានគិតថាលោកខាងលិចជាប់ពាក់ព័ន្ធនឹងការវាយប្រហារក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះដែរឬទេ អ្នកស្រី Zakharova និយាយថា លោកខាងលិចបានផ្គត់ផ្គង់អាវុធ ផ្តល់ការសម្របសម្រួលគោលដៅ បដិសេធន៍មិនថ្កោលទោសការវាយប្រហារបែបនេះ និងញុះញង់យ៉ាងសកម្មឲ្យមានការវាយប្រហារបែបនេះ ៕