អាមេរិក៖ លោកប្រធានាធិបតី Joe Biden បានដាក់ចេញនូវផែនការពង្រីកកន្លែងធ្វើតេស្តរកវីរុស COVID-19 នៅទូទាំងសហរដ្ឋអាមេរិក ផ្តល់ការធ្វើតេស្តនៅតាមផ្ទះដោយឥតគិតថ្លៃចំនួន ៥០០លាន និងដាក់ពង្រាយធនធានសុខភាពសហព័ន្ធបន្ថែម ដើម្បីជួយដល់មន្ទីរពេទ្យដែលមានអ្នកជំងឺច្រើនហួសចំណុះ ដោយសារតែការឆ្លងរាលដាលនៃវីរុសបម្លែងខ្លួនថ្មី Omicron។

សេតវិមានបានចេញសេចក្តីថ្លែងការណ៍ដោយនិយាយថា "យើងដឹងពីរបៀបការពារមនុស្សពីជំងឺធ្ងន់ធ្ងរ យើងមានឧបករណ៍ចាំបាច់ដើម្បីធ្វើ ហើយអរគុណចំពោះផែនការរដូវរងារបស់ប្រធានាធិបតី យើងបានត្រៀមខ្លួនរួចជាស្រេច៖ ៧៣% នៃប្រជាជនអាមេរិកពេញវ័យត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ តិចជាងមួយភាគរយមុនពេលលោកប្រធានាធិបតីចូលកាន់តំណែង ហើយយើងកំពុងទទួលបានការចាក់វ៉ាក់សាំងដូសជំរុញប្រហែល ១លាននាក់ជារៀងរាល់ថ្ងៃ។ វ៉ាក់សាំងមិនគិតថ្លៃ និងអាចរកបាននៅទីតាំងងាយស្រួលចំនួន ៩០,០០០កន្លែង។ មានការណែនាំច្បាស់លាស់លើការពាក់ម៉ាស់ និងវិធានការផ្សេងទៀតដែលជួយពន្យឺតការឆ្លងរាលដាលវីរុស COVID-19។ ហើយក្រុមវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់របស់សហព័ន្ធ ត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបនឹងការកើនឡើងទូទាំងប្រទេស។ មន្ទីរសុខាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា តំបន់ Harris នៃរដ្ឋ Texas បានរាយការណ៍ករណីស្លាប់ដំបូងទាក់ទងនឹងវីរុសបម្លែងខ្លួនថ្មី Omicron លើបុរសវ័យ ៥០ឆ្នាំម្នាក់ដែលមិនបានចាក់វ៉ាក់សាំង។
ខណៈដែលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Omicron ដែលកំពុងកើនឡើងពេញប្រទេស លោកប្រធានាធិបតី Joe Biden បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលនឹងផ្តល់ការធ្វើតេស្តរហ័សដោយឥតគិតថ្លៃចំនួន ៥០០លាន បង្កើនការគាំទ្រដល់មន្ទីរពេទ្យដែលស្ថិតក្រោមភាពយ៉ាប់យ៉ឺនខ្លាំង និងពន្លឿនការចាក់វ៉ាក់សាំងឡើងវិញ និងការជំរុញកិច្ចខិតខំប្រឹងប្រែង។ លោកប្រធានាធិបតីកំពុងចង្អុលបង្ហាញដល់រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin ឱ្យត្រៀមកម្លាំងកងទ័ពចំនួន ១,០០០នាក់បន្ថែមទៀតក្នុងនោះមានវេជ្ជបណ្ឌិតយោធា គិលានុបដ្ឋាក គ្រូពេទ្យ និងបុគ្គលិកវេជ្ជសាស្ត្រផ្សេងទៀត ដើម្បីដាក់ពង្រាយទៅកាន់មន្ទីរពេទ្យក្នុងអំឡុងខែមករា និងកុម្ភៈតាមតម្រូវការចាំបាច់៕
អត្ថបទ៖ សុខមាន