របាយការណ៍ចុងក្រោយរបស់ធនាគារកណ្តាលអាមេរិក អំពីចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសកាលពីថ្ងៃពុធ (០៤ មិថុនា) បានបង្ហាញថា សកម្មភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានធ្លាក់ចុះខ្លាំង ហើយអត្រាពន្ធកាន់តែខ្ពស់បានដាក់សម្ពាធលើថ្លៃដើម និងតម្លៃទំនិញក្នុងសប្តាហ៍នេះ ចាប់តាំងពីអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលបានជួបប្រជុំគ្នាចុងក្រោយដើម្បីកំណត់អត្រាការប្រាក់។
"នៅលើសមតុល្យ ចក្ខុវិស័យកំណើននៅតែមានទុទិដ្ឋិនិយមបន្តិច និងមិនច្បាស់លាស់ ដោយមិនផ្លាស់ប្តូរនោះទេទាក់ទងទៅនឹងរបាយការណ៍មុន" នេះបើយោងតាមឯកសារដែលត្រូវបានគេស្គាល់ថា សៀវភៅស្ដីពីស្ថានភាពសេដ្ឋកិច្ច "Beige Book" ហើយដែលផ្អែកលើការស្ទង់មតិ បទសម្ភាសន៍ និងការសង្កេត ដែលប្រមូលពីទំនាក់ទំនងពាណិជ្ជកម្ម និងសហគមន៍នៃធនាគារក្នុងតំបន់ទាំង១២ របស់ធនាគារកណ្ដាល រហូតដល់ថ្ងៃទី២៣ ខែឧសភា។ ឯកសារព្រមានថា "មានរបាយការណ៍យ៉ាងរីករាលដាលនៃការរំពឹងទុកថា ការចំណាយ និងតម្លៃ នឹងហក់ឡើងក្នុងអត្រាកាន់តែលឿនទៅមុខ"។
ធនាគារកណ្តាលអាមេរិក បានរក្សាអត្រាគោលនយោបាយរបស់ខ្លួននៅក្នុងជួរបច្ចុប្បន្ន ៤,២៥%-៤,៥០% ចាប់តាំងពីខែធ្នូ ហើយត្រូវបានរំពឹងយ៉ាងទូលំទូលាយថា តួលេខនេះនឹងមិនប្រែប្រួលទេសម្រាប់ពីរបីខែទៀត ខណៈអ្នកបង្កើតគោលនយោបាយរបស់ខ្លួនកំពុងវាយតម្លៃពីផលប៉ះពាល់នៃរបៀបវារៈពាណិជ្ជកម្មរបស់លោកប្រធានាធិបតីអាមេរិក Donald Trump និងគោលនយោបាយផ្សេងទៀតស្តីពីអតិផរណា និងទីផ្សារការងារ។
ក្រុមអ្នកវិភាគ និងអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្ដាល បាននិយាយដូចៗគ្នាថា ពួកគេរំពឹងថាអតិផរណានិងទិន្នន័យទីផ្សារការងារនឹងកាន់តែយ៉ាប់យ៉ឺន ហើយសៀវភៅ Beige Book ចុងក្រោយនេះ បានបង្ហាញថា រឿងបែបនេះកំពុងកើតឡើងរួចទៅហើយ ប្រសិនបើទិន្នន័យកំណើននៅតែមិនស្មើគ្នា៕