យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៩៥នាក់ បានស្លាប់ និងជាង ៤៤០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះបើយោងតាមកាលលើកឡើងរបស់ក្រសួងសុខាភិបាលនៃដែនដីហ៊ុមព័ទ្ធកាលពីថ្ងៃពុធ (០៤ មិថុនា)។
ចំនួនអ្នកស្លាប់សរុបពីការវាយប្រហារកំពុងបន្តរបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ឥឡូវនេះបានកើនឡើងឥតឈប់ឈរដល់តួលេខលើសពី ៥៤.៦០០នាក់ ខណៈមនុស្សជាង ១២៥.៣០០នាក់ ផ្សេងទៀតរងរបួស។ ទីភ្នាក់ងារសារព័ត៌មាន Al Jazeera ដកស្រង់ពីក្រសួងហ្កាហ្សា បានរាយការណ៍ថា សាកសពពីរនាក់បន្ថែមទៀតត្រូវបានរកឃើញពីកម្ទេចថ្មនៃការវាយប្រហារពីមុន ដែលបញ្ជាក់បន្ថែមពីចំនួនអ្នកស្លាប់ដ៏មហន្តរាយដោយសារសង្គ្រាម។
ចាប់តាំងពីការបំបែកបទឈប់បាញ់កាលពីខែមីនា ឆ្នាំនេះមក អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤.៣៣៥នាក់ និងបង្ករបួស ១៣.៣០០នាក់ នេះបើយោងតាមតួលេខផ្លូវការ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយនៅក្នុងសារបង្ហោះលើបណ្ដាញសង្គម X កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយដកស្រង់ទិន្នន័យពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ថា កុមារជាង ៥០.០០០នាក់ នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានសម្លាប់ ឬរងរបួស ចាប់តាំងពីខែតុលា ឆ្នាំ២០២៣៕