បាល់ទាត់៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ាន AFF Championship នឹងចាប់ផ្តើមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ថ្ងៃនេះហើយរវាងម្ចាស់ផ្ទះសិង្ហបុរី និងឥណ្ឌូនេស៊ី។ សំរាប់ក្រុមម្ចាស់ផ្ទះសិង្ហបុរី នេះគឺជាការឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងរាប់ពីឆ្នាំ២០១២ ដែលពួកគេឈ្នះជើងឯក។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន Tatsuma Yoshida ក្រុមសិង្ហបុរីឡើងមកកាន់វគ្គនេះក្នុងនាមជាក្រុមលេខ ២ នៅក្នុងពូល A ប្រកួត ៤លើកឈ្នះ ៣ ចាញ់ ១។ ចាញ់ ១ នោះគឺចាញ់ក្រុមលេខ ១ ថៃ ២-០ ខណៈឈ្នះ ៣ប្រកួតគឺឈ្នះមីយ៉ាន់ម៉ា ៣-០ ឈ្នះហ្វីលីពីន ២-១ និងឈ្នះទីម័រ ២-០។ ចំណែកក្រុមឥណ្ឌូនេស៊ីមកដល់វគ្គនេះក្នុងនាមជាក្រុមលេខ ១ ក្នុងពូល B តាមរយៈជ័យជំនះ ៣ប្រកួត និងស្មើ ១ ប្រកួតមាន ១០ពិន្ទុ។ ឥណ្ឌូនេស៊ីបើកការប្រកួតឈ្នះកម្ពុជា ៤-២, ឈ្នះឡាវ ៥-១, ស្មើវៀតណាម ០-០ និងឈ្នះម៉ាឡេស៊ី ៤-១។
សំរាប់ឥណ្ឌូនេស៊ីនេះគឺជាការឈានឡើងវគ្គ ៤ក្រុមចុងក្រោយនេះជាលើកដំបូងតាំងពីឆ្នាំ២០១៦ ហើយឥណ្ឌូនេស៊ីគឺជាក្រុមជើងឯករងពានរង្វាន់ថ្នាក់តំបន់នេះដល់ទៅ ៥លើកបូករួមទាំងចុងក្រោយឆ្នាំ២០១៦ នោះ។ ក្រុមទាំងពីរក៏មានប្រវត្តិជួបគ្នាដែរដោយសិង្ហបុរីធ្លាប់ឈ្នះឥណ្ឌូនេស៊ី ១-០ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ នៅការប្រកួតជើងឯកអាស៊ាននេះ៕
អត្ថបទ៖នាង សុភាវុធ