ប្រជាជនមូស្លីម ជាងមួយលាននាក់ បានចាប់ផ្តើមធ្វើធម្មយាត្រាម្តងក្នុងមួយឆាកជីវិតរបស់ពួកគេក្នុងពិធីបុណ្យ ហាជី (Hajj) នៅថ្ងៃពុធ (០៤ មិថុនា) ក្នុងទីក្រុង Mecca ដ៏វិសិដ្ឋរបស់អារ៉ាប៊ីសាអ៊ូឌីត ខណៈវិធានការបន្ថែមទៀតត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងរលកកម្ដៅដ៏ក្ដៅគគុកយ៉ាងគ្រោះថ្នាក់នៅឆ្នាំនេះ ដែលរំពឹងថានឹងឡើងលើសពី ៤០អង្សាសេ។

ក្នុងឆ្នាំនេះ អារ៉ាប៊ីសាអ៊ូឌីត បានចំណាយប្រាក់រាប់ពាន់លានដុល្លារលើប្រព័ន្ធគ្រប់គ្រងហ្វូងមនុស្ស និងប្រព័ន្ធត្រជាក់ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ បន្ទាប់ពីសីតុណ្ហភាពយ៉ាងថប់ដង្ហើមកាលពីឆ្នាំមុន ដែលឡើងដល់ ៤៧អង្សាសេ បណ្តាលឱ្យមានអ្នកស្លាប់ជាង ១.៣០០នាក់។

ដំណើរការក្នុងរយៈពេល ៥ថ្ងៃ អ្នកធ្វើធម្មយាត្រាមូស្លីម - ដែលអាចមានលទ្ធភាពចូលរួម និងមានកាយសម្បទាគ្រប់គ្រាន់សម្រាប់បុណ្យហាជីនេះ - នឹងចូលរួមនៅក្នុងពិធីកម្មសាសនាដែលមានដើមកំណើតជាង ១.៤០០ឆ្នាំមុន។

បន្ទាប់ពីចូលទៅកាន់ក្រុង Mecca អ្នកធ្វើធម្មយាត្រាចាប់ផ្តើមដំណើររបស់ពួកគេដោយដើរជុំវិញ Kaaba — ដែលជារចនាសម្ព័ន្ធរាងជាគូបពណ៌ខ្មៅនៅកណ្តាលវិហារអ៊ីស្លាមដ៏វិសិដ្ឋ និងជាទីសក្ការៈបំផុតរបស់សាសនាអ៊ិស្លាម — ចំនួន ៧ជុំក្នុងទិសដៅផ្ទុយពីទ្រនិចនាឡិកា ដើម្បីបង្ហាញពីការលះបង់ដ៏ស្មោះស័្មគ្ររបស់ពួកគេចំពោះព្រះតែមួយអង្គ។
បន្ទាប់មក អ្នកធ្វើធម្មយាត្រានឹងទៅកាន់ទីតាំងវិសិដ្ឋផ្សេងទៀតក្នុងក្រុង Mecca ជាទីដែលពួកគេនឹងធ្វើពិធីកម្មបន្ថែម និងការថ្វាយបង្គំ។ មុនពេលចាកចេញពីទីក្រុងនេះ ប្រជាជនមូស្លីមនឹងដើរជុំវិញ Kaaba ចំនួន ៧ជុំទៀត ដែលជាការលាគ្នាខាងវិញ្ញាណទៅកាន់ទីសក្ការៈដ៏ពិសិដ្ឋ។ បុណ្យហាជីនេះកើតឡើងម្តងក្នុងមួយឆ្នាំ ក្នុងអំឡុងពេលខែទី១២ និងជាខែចុងក្រោយនៃប្រតិទិនអ៊ិស្លាម៕