ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Lee Jae-myung បានព្រមានថា ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងសណ្តាប់ធ្នាប់ពិភពលោក រួមទាំងការកើនឡើងនៃរបបគាំពារនិយម បង្កការគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ប្រទេសលោក ខណៈការអត្ថាធិប្បាយរបស់សេតវិមានអំពីជ័យជម្នះរបស់លោកបានបង្កឱ្យមានការបារម្ភ។

មេដឹកនាំថ្មីរូបនេះ ត្រូវប្រឈមបញ្ហាជាច្រើនចាប់ពីកូរ៉េខាងជើង ការដំឡើងពន្ធរបស់លោក Trump រហូតដល់សេដ្ឋកិច្ច និងការប្រេះឆា ខណៈរូបលោកប្ដេជ្ញាការបង្រួបបង្រួមក្នុងប្រទេស និងស្ដារសេដ្ឋកិច្ចឡើងវិញដែលញាំញីភាពចលាចលខាងនយោបាយចាប់តាំងពីចុងឆ្នាំ២០២៤មកដោយសារការដាក់ច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី Yoon Suk Yeol ។

លោក Lee បាននិយាយក្នុងសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោកថាការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងសណ្តាប់ធ្នាប់សកល ដូចជាការកើនឡើងនូវគោលនយោបាយគាំពារនិយម និងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ បង្កការគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ពួកលោក។
ថ្លែងតែប៉ុន្មានម៉ោងបន្ទាប់ពីរូបលោកត្រូវបានប្រកាសថាជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអង្គារទី៣មិថុនាសប្ដាហ៍នេះ លោក Lee បាននិយាយថា លោកនឹងពង្រឹងភាពជាដៃគូត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុន ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានហៅ សម្ព័ន្ធភាពសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងសេអ៊ូលថាជាដែកថែប។
ប្រជាជនកូរ៉េខាងត្បូងមានការស្រងាកចិត្តនៅពេលដែលលោក Trump បានដំឡើងពន្ធ២៥% លើការនាំចូលរបស់កូរ៉េទាំងអស់កាលពីក្នុងខែមេសា បន្ទាប់ពីបានវាយលុកប្រទេសនេះដោយការដាក់ពន្ធ លើឧស្សាហកម្មស្នូលរបស់ខ្លួន ដែកថែប និងរថយន្ត៕