ប្រទេសជប៉ុន កំពុងជួបការលំបាកក្នុងការលើកទឹកចិត្តគូស្វាមីភរិយាឱ្យមានកូនកាន់តែច្រើន ហើយភាពបន្ទាន់ និងក្ដីបារម្ភកាន់តែកើនឡើង បន្ទាប់ពីទិន្នន័យបានបង្ហាញថា អត្រាកំណើតប្រចាំឆ្នាំ បានធ្លាក់ចុះក្រោម ៧០០.០០០នាក់ ជាលើកដំបូងចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមជាងមួយសតវត្សមុនមក។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលចេញផ្សាយក្នុងសប្តាហ៍នេះ ចំនួនទារកដែលបានកើតក្នុងឆ្នាំ២០២៤ ស្ថិតក្នុងតួលេខ ៦៨៦.០៦១នាក់ ដែលជាការធ្លាក់ចុះ ៥,៧% ធៀបនឹងឆ្នាំមុន និងទាបបំផុតចាប់តាំងពីស្ថិតិបានកត់ត្រាទុកជាលើកដំបូងក្នុងឆ្នាំ១៨៩៩។ ទិន្នន័យនេះមិនរាប់បញ្ចូលទារកដែលកើតពីម្ដាយមានសញ្ជាតិបរទេសនោះទេ។
ក្រសួងសុខាភិបាលនិយាយថា អត្រានៃការមានកូន — ដែលជាចំនួនមធ្យមនៃកូនដែលស្ត្រីអាចមានក្នុងមួយជីវិតរបស់ខ្លួន — ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ១,១៥ ដោយថយចុះពីតួលេខ ១,២០ ក្នុងឆ្នាំ២០២៣។ នោះគឺទាបជាងអត្រា ២,១ ដែលត្រូវការ ដើម្បីរក្សាចំនួនប្រជាជនឱ្យស្ថិតស្ថេរ។ ក្រសួងនិយាយថា ការស្លាប់ ១,៦លាននាក់ ត្រូវបានកត់ត្រាក្នុងឆ្នាំ២០២៤ ដោយកើនឡើង ១,៩% ពីឆ្នាំមុន។
តួលេខចុងក្រោយនេះនឹងក្លាយជាអំណានដែលមិនសប្បាយចិត្តនោះទេសម្រាប់ក្រុមមន្ត្រី និងជាការភ័យខ្លាចដ៏ធំ។ ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត ប្រជាជនសរុបរបស់ជប៉ុន ដែលមានប្រហែល ១២៤លាននាក់ ត្រូវបានព្យាករថានឹងធ្លាក់ចុះដល់ ៨៧លាននាក់នៅឆ្នាំ២០៧០ នៅពេលដែលអត្រា ៤០% នៃចំនួនប្រជាជន នឹងមានវ័យចំណាស់ក្នុងអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ៕

