អាជ្ញាធរបាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) នេះថា ទឹកជំនន់នៅភាគខាងជើងប្រទេសចិន ចាប់ពីខែមិថុនា ដល់ខែសីហា ទំនងជានឹងកាន់តែធ្ងន់ធ្ងរឡើងនៅឆ្នាំនេះ នៅក្នុងការព្យាករដំបូងសម្រាប់តំបន់ដ៏ធំ លាតសន្ធឹងលើទីក្រុងនានាដែលមានប្រជាជនរស់នៅច្រើន រហូតដល់ផ្ទៃដីដាំដុះដែលមានសារៈសំខាន់សម្រាប់ការដាំគ្រាប់ធញ្ញជាតិ។

ទូរទស្សន៍រដ្ឋ CCTV បានដកស្រង់សម្តីរបស់ក្រសួងធនធានទឹកចិន ដោយនិយាយថា ព្យុះដ៏ខ្លាំងក្លា និងទឹកជំនន់ ត្រូវបានកំណត់ថានឹងកាន់តែញឹកញាប់ និងកាន់តែខ្លាំងឡើងនៅពេលខាងមុខ។
ទឹកជំនន់នៅរដូវក្តៅក្នុងប្រទេសចិន មិនមែនជារឿងចម្លែកទេ ជាពិសេសភាគខាងត្បូងរបស់ខ្លួន ប៉ុន្តែនៅពេលដែលកម្ដៅផែនដីកាន់តែកើនឡើង ប្រទេសចិនទាំងមូលកំពុងជួបការផ្លាស់ប្តូរអាកាសធាតុយ៉ាងខ្លាំង រាប់ពីទឹកភ្លៀងធ្លាក់កម្រិតកំណត់ត្រា រហូតដល់គ្រោះរាំងស្ងួត៕

