ភ្នំពេញ៖ ដោយស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ មានការធូរស្រាល ព្រមទាំងបើកដំណើរការប្រទេសឡើងវិញ ជាពិសេសថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានប្រកាសបិទបញ្ចប់ព្រឹតិ្តការណ៍ឆ្លងកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ គឺរដ្ឋបាលរាជធានីភ្នំពេញ បន្តបង្រួមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដើម្បីប្រគល់ជូនវិស័យឯកជនវិញ។
បើតាមលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះថា ការបង្រួមមណ្ឌលព្យាបាលជំងឺកូវីដ-១៩នេះ ធ្វើឡើងតាមស្ថានភាពជាក់ស្តែងរបស់ជំងឺកូវីដ-១៩ ។
ដោយករណីឆ្លងថ្មី និងករណីស្លាប់នៃជំងឺកូវីដ-១៩ ថយចុះខ្លាំង ក្នុងនោះនៅតាមទីតាំងមណ្ឌលព្យាបាល ស្ទើរគ្មានអ្នកជំងឺត្រូវចូលមកទទួលការព្យាបាល។ ដូច្នេះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ មនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានរៀបចំចាត់ចែងផ្ទេរអ្នកជំងឺនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ (ទីតាំងរបស់វិស័យឯកជន) មកកាន់ទីតាំងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្តាតអូឡាំពិក។
ដោយឡែកមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ (ពិភពថ្មីសែនសុខ) បានផ្ទេរអ្នកជំងឺជាង២០នាក់ មកកាន់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្តាតអូឡាំពិក ព្រមទាំងស្អាតបាញ់ថ្នាំសម្លាប់មេរោគ និងប្រគល់ជូនវិស័យឯកជនវិញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ ហើយមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ២ (ដឺព្រីមៀរសែនសុខ)ក៏កំពុងត្រៀមប្រគល់ជូនវិស័យឯកជននាពេលខាងមុខនេះ។ សរុបជារួមគិតត្រឹមព្រឹកនេះ ក្នុងរាជធានីភ្នំពេញ មនី្ទរពេទ្យព្យាបាល និងទីកន្លែងព្យាបាលជំងឺកូវីដ-១៩ មានចំនួន៨ទីតាំង។
លោកវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា សព្វថ្ងៃក្នុងរាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩ ជាង៣០០នាក់ កំពុងសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ ព្យាបាលតាមខ្នងផ្ទះ មានចំនួនប្រមាណ២០០នាក់ប៉ុណ្ណោះ។និយាយដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ និងចាប់ដំណើរការចាក់វ៉ាក់សាំងជូនចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ខាងមុខនេះ មានចំនួន៤២ទីតាំង និងមានក្រុមការងារគ្រូពេទ្យក្រោមឱវាទមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ជិត៥០០នាក់ សម្រាប់ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ៕
អត្ថបទ៖ ហួត រដ្ឋា