ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានអំពាវនាវឲ្យបើកការស៊ើបអង្កេតឯករាជ្យលើការរកឃើញផ្នូរកប់សាកសពធំៗ នៅឯមជ្ឈមណ្ឌលឃុំឃាំង ក្នុងរដ្ឋធានីទ្រីប៉ូលីរបស់ប្រទេសលីប៊ី។
ការិយាល័យនេះ បានបង្ហាញពីការព្រួយបារម្ភអំពីការរកឃើញសាកសពរាប់សិបនាក់ ខ្លះឆេះ និងកប់ និងខ្លះទៀត នៅក្នុងទូទឹកកកក្នុងមន្ទីរពេទ្យ ស្ថិតនៅក្នុងតំបន់មួយនៃរដ្ឋធានីរបស់ប្រទេសលីប៊ី ដែលគ្រប់គ្រងដោយកងជីវពលប្រដាប់អាវុធដែលមេដឹកនាំរបស់ពួកគេ ត្រូវបានសម្លាប់ កាលពីខែមុន។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បាននិយាយថា លោកមានការតក់ស្លុតចំពោះការបង្ហាញឲ្យដឹងថា ការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ ត្រូវបានរកឃើញ នៅមន្ទីរឃុំឃាំងនៅក្នុងទីក្រុងទ្រីប៉ូលី ដែលគ្រប់គ្រងដោយអាជ្ញាធរគាំទ្រស្ថិរភាព ជាក្រុមប្រដាប់អាវុធដែលលោក មេបញ្ជាការ Abdel-Ghani Al-Kikli ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធរបស់កងជីវពល កាលពីពាក់កណ្តាលខែឧសភា។

អាជ្ញាធរគាំទ្រស្ថិរភាពនេះ ត្រូវបានបង្កើតឡើង ដើម្បីរក្សានីតិរដ្ឋ និងស្ថិតនៅក្រោមក្រុមប្រឹក្សាប្រធានាធិបតី ដែលបានឡើងកាន់អំណាច នៅឆ្នាំ ២០២១ ជាមួយរដ្ឋាភិបាលនៃការរួបរួមជាតិរបស់ លោក Abdul Hamid Dbeibah តាមរយៈដំណើរការដែលគាំទ្រដោយអង្គការសហប្រជាជាតិ។
ការិយាល័យសិទ្ធិមនុស្ស បាននិយាយថា ក្រោយមកបានទទួលព័ត៌មានស្តីពីការជីកកកាយសាកសពឆេះចំនួន ១០នាក់ នៅទីស្នាក់ការកណ្តាលរបស់អាជ្ញាធរគាំទ្រស្ថិរភាព ក្នុងសង្កាត់ Abu Salim និងសាកសពចំនួន ៦៧នាក់ផ្សេងទៀត ត្រូវបានរកឃើញ នៅក្នុងទូទឹកកក នៅក្នុងមន្ទីរពេទ្យ Abu Salim និង Al-Khadra។