អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃពុធ (០៤ មិថុនា) ថា ប្រទេសនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មិនស្វាគមន៍អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅថាអង្គការណាតូ នៅក្នុងតំបន់ទេ ហើយតំបន់នេះប្រាកដជាមិនត្រូវការអង្គការណាតូអាស៊ីប៉ាស៊ីហ្វិកឡើយ។

លោក Lin បានលើកឡើងបែបនេះ នៅពេលត្រូវសាកសួរឱ្យធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់មេដឹកនាំអឺរ៉ុប នៅឯកិច្ចសន្ទនា Shangri-La ថ្មីៗនេះ ដែលភ្ជាប់បញ្ហាកោះតៃវ៉ាន់ ជាមួយនឹងបញ្ហាអ៊ុយក្រែន ហើយក៏លើកឡើងថា អង្គការណាតូ មានមូលដ្ឋានក្នុងការចូលរួមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក Lin បាននិយាយថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងបែបនេះ ដោយសង្កត់ធ្ងន់ថា កោះតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ហើយបញ្ហាកោះតៃវ៉ាន់ គឺស្ថិតនៅក្រោមកិច្ចការផ្ទៃក្នុងរបស់ចិនទាំងស្រុង។

លោកបន្តថា ក្នុងនាមជាអង្គការការពារក្នុងតំបន់ ណាតូមិនមានសិទ្ធិឈានដល់ហួសពីវិសាលភាពភូមិសាស្រ្ត និងអាណត្តិដែលកំណត់ដោយសន្ធិសញ្ញារបស់ខ្លួននោះទេ។ ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការប៉ុនប៉ងរបស់អង្គការណាតូ ក្នុងការឆ្ពោះទៅទិសខាងកើតទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញភាពតានតឹង និងបង្កើតការប្រឈមមុខដាក់គ្នានៅក្នុងតំបន់ ព្រមទាំងបំផ្លាញសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក៕