អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte កាលពីថ្ងៃពុធ (០៤ មិថុនា) បានព្រមានថា រាល់ការវាយប្រហារណាមួយរបស់រុស្ស៊ី សំដៅលើតំបន់បាល់ទិក នឹងត្រូវបានឆ្លើយតបជាមួយនឹងកម្លាំង "ដ៏បំផ្លិចបំផ្លាញ" ដោយបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់សម្ព័ន្ធយោធាក្នុងការការពារគ្រប់ជ្រុងនៃទឹកដីរបស់ខ្លួន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយមុនកិច្ចប្រជុំនាថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) នេះរបស់រដ្ឋមន្ត្រីការពារជាតិណាតូនៅទីក្រុងប្រ៊ុចសែល លោក Rutte បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការពង្រឹងការរារាំង និងសមត្ថភាពការពារជាតិ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពិភពលោកដែលកំពុងកើនឡើង។

ទាក់ទងនឹងលទ្ធភាពនៃការវាយប្រហាររបស់រុស្ស៊ីលើតំបន់បាល់ទិក លោក Rutte បាននិយាយថា "មេដឹកនាំរុស្ស៊ី លោក Vladimir Putin គួរតែដឹងថា ប្រសិនបើលោកព្យាយាមធ្វើបែបនោះ ប្រតិកម្មរបស់ណាតូនឹងមានភាពបំផ្លិចបំផ្លាញយ៉ាងខ្លាំង"។ លោកសង្កត់ធ្ងន់ថា ណាតូត្រូវតែធ្វើឱ្យប្រាកដថាការឆ្លើយតបរបស់ខ្លួននឹងនៅតែខ្លាំងក្លានាពេលខាងមុខ ហេតុដូចនេះហើយទើបសម្ព័ន្ធយោធា ត្រូវតែបង្កើនការចំណាយបន្ថែមទៀត។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូនៅថ្ងៃព្រហស្បតិ៍នេះ មានគោលបំណងក្រាលមូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅខែក្រោយក្នុងទីក្រុងឡាអេ ជាមួយនឹងការសម្រេចចិត្តដែលរំពឹងទុកលើគោលដៅសមត្ថភាពថ្មីប្រកបដោយមហិច្ឆតា រួមទាំងការការពារដែនអាកាស និងមីស៊ីល អាវុធរយៈចម្ងាយឆ្ងាយ និងការធ្វើសមយុទ្ធជើងគោកដ៏ធំ៕