ស្ថាប័នពាក់កណ្តាលផ្លូវការរបស់អាល្លឺម៉ង់ ដែលតាមដានការប្រឆាំងជនជាតិជ្វីហ្វ បានរាយការណ៍កាលពីថ្ងៃពុធ (០៤ មិថុនា) ថា ចំនួនឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ នៅប្រទេសអាល្លឺម៉ង់ ស្ទើរតែកើនឡើងទ្វេដងកាលពីឆ្នាំមុន ខណៈសង្រ្គាមកំពុងបន្តនៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

មជ្ឈមណ្ឌលស្រាវជ្រាវ និងព័ត៌មានសហព័ន្ធសម្រាប់ការប្រឆាំងជនជាតិជ្វីហ្វ (RIAS) បាននិយាយថា ខ្លួនបានចុះបញ្ជីឧប្បត្តិហេតុ ៨.៦២៧ករណី នៃអំពើហិង្សា ការបំផ្លិចបំផ្លាញ និងការគម្រាមកំហែង ប្រឆាំងនឹងជនជាតិជ្វីហ្វនៅអាល្លឺម៉ង់ កាលពីឆ្នាំ២០២៤ ដែលស្ទើរតែពីរដងនៃចំនួន ៤.៨៨៦ករណី ដែលបានកត់ត្រាក្នុងឆ្នាំ២០២៣ ហើយក៏លើសពីតួលេខឆ្នាំ២០២០ ដែលមាន ១.៩៥៧ករណី។
លោក Benjamin Steinitz ប្រធាន RIAS បានប្រាប់សន្និសីទសារព័ត៌មានស្តីពីរបាយការណ៍នេះដោយសំដៅដល់ការចាប់ផ្តើមនៃសង្រ្គាមហ្កាហ្សាថា "ហានិភ័យនៃការធ្វើទុក្ខបុកម្នេញក្នុងនាមជាជនជាតិជ្វីហ្វ នៅប្រទេសអាល្លឺម៉ង់ បានកើនឡើងខ្លាំងចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក"។
សម្រាប់អាល្លឺម៉ង់ ការតាមដានឧប្បត្តិហេតុបែបនេះ និងការប្រឆាំងទប់ទល់នឹងក្រុមមិនពេញចិត្តជនជាតិជ្វីហ្វ គឺជាចំណុចសំខាន់បំផុតនៃគម្រោងក្រោយសង្គ្រាមរបស់ខ្លួន ក្នុងការប៉ះប៉ូវសងសម្រាប់ការសម្លាប់រង្គាលជនជាតិជ្វីហ្វនៅអឺរ៉ុប សម័យណាហ្ស៊ី៕

