ប្រភពបីដែលដឹងបញ្ហានេះបានប្រាប់កាសែត The Times of Israel កាលពីថ្ងៃពុធ (០៤ មិថុនា) ថា ក្រុមអ្នកសម្រុះសម្រួលមានសុទិដ្ឋិនិយមថា ក្រុមហាម៉ាស នឹងដាក់សំណើកិច្ចព្រមព្រៀងចំណាប់ថ្នូរដែលបានធ្វើបច្ចុប្បន្នភាពឆាប់ៗនេះ ដោយបន្ទន់ជំហររបស់ខ្លួនឱ្យខិតទៅជិតនឹងអ្វីដែលប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានដាក់បង្ហាញកាលពីសប្តាហ៍មុន។
គួរឱ្យដឹងថា ក្រុមហាម៉ាស បានដាក់ការឆ្លើយតបពីមុនមួយច្បាប់ទៅនឹងសំណើរបស់លោក Witkoff កាលពីថ្ងៃសៅរ៍ ប៉ុន្តែប្រេសិតអាមេរិករូបនេះបានរិះគន់ថា មិនអាចទទួលយកបានទេ។

ប្រភពនិយាយថា ចាប់តាំងពីពេលនោះមក អ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា — រួមជាមួយតំណាងរបស់លោក Witkoff នៅទីក្រុងដូហា និងអ្នកផ្សេងទៀត— បាននិងកំពុងធ្វើការជាមួយមន្ត្រីក្រុមហាម៉ាស ដើម្បីបន្ទន់ជំហរ ឬដកចេញនូវការផ្លាស់ប្តូរមួយចំនួន ដែលក្រុមប៉ាឡេស្ទីននេះបានធ្វើឡើងចំពោះសំណើរបស់អាមេរិក។
ប្រភពមួយនិយាយថា លោក Witkoff បានសម្ដែងសុទិដ្ឋិនិយមអំពីឱកាសទម្លាយភាពជាប់គាំងនៅមុនថ្ងៃបុណ្យ Eid al-Adha របស់មូស្លីម ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ០៦ មិថុនា ស្អែកនេះ។
បើទោះជាក្រុមហាម៉ាស ដាក់សំណើរបន្ទន់ជំហរជាងមុនដូចដែលអ្នកសម្រុះសម្រួលបានរំពឹងទុកក៏ដោយ ក៏ភាគីនានានឹងនៅតែត្រូវរៀបចំការចរចារបន្តបន្ទាប់ ដើម្បីដាក់ចេញសេចក្ដីលម្អិតចុងក្រោយ រួមទាំងចំណុចពិតប្រាកដនៃការដកទ័ពអ៊ីស្រាអែលខ្លះចេញពីហ្កាហ្សា ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល ៦០ថ្ងៃដែលកំពុងត្រូវបានពិភាក្សានោះ៕

