ការិយាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានបដិសេធមិនធ្វើអត្ថាធិប្បាយលើថាតើទីក្រុងឡុងដ៍ ត្រូវបានជូនដំណឹងជាមុនអំពីផែនការរបស់អ៊ុយក្រែន ក្នុងការវាយប្រហារលើអាកាសយានដ្ឋានយោធារុស្ស៊ីដែរឬអត់នោះទេ។

មន្ត្រីម្នាក់មកពីសភាអង់គ្លេស បាននិយាយក្នុងការឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន TASS ថា៖«យើងនឹងមិនធ្វើអត្ថាធិប្បាយអំពីប្រតិបត្តិការយោធានេះទេ»។
ចម្លើយដូចគ្នានេះ ត្រូវបានផ្តល់ទៅឲ្យសំណើសុំការអត្ថាធិប្បាយអំពីការទាមទាររបស់ភាគីរុស្ស៊ីសម្រាប់ទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្តល់ប្រតិកម្មច្បាស់លាស់ចំពោះការវាយប្រហារនេះ។ តំណាងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស បានបន្ថែមថា «ការឆ្លើយតប គឺដូចគ្នា។ យើងមិនដែលធ្វើអត្ថាធិប្បាយអ្វីអំពីប្រតិបត្តិការទេ ហើយប្រាកដណាស់ គឺមិនដែលលើកឡើងអំពីប្រតិបត្តិការយោធារបស់ប្រទេសផ្សេង ទេ»។
