ក្រុមជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា តិចជាងពាក់កណ្តាលនៃរថយន្តដឹកជំនួយរបស់ពួកគេដែលត្រូវបានបញ្ជូនទៅក្នុងពេលមានការបើកផ្លូវរបស់អ៊ីស្រាអែល ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្កាហ្សា ខណៈជំនួយថ្មីដែលគាំទ្រដោយសហរដ្ឋអាមេរិក បានផ្អាកប្រតិបត្តិការ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មានតែរថយន្តដឹកម្សៅចំនួន៥០គ្រឿងប៉ុណ្ណោះក្នុងចំណោមរថយន្តជំនួយជាង១៣០គ្រឿង ដែលត្រូវបានបញ្ជូនទៅសម្រាប់ការបើកផ្លូវចុងក្រោយនៅឯច្រកឆ្លងកាត់តែមួយគត់គឺច្រក Kerem Shalom /Karem Abu Salem ត្រូវបានអនុម័តសម្រាប់ការចូលទៅក្នុងហ្កាហ្សា កាលពីថ្ងៃពុធ។

វាត្រូវបានប្រកាសកាលពីដើមសប្តាហ៍នេះថា ការរៀបចំជំនួយរបស់មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា (GHF) ព្រមព្រៀងដោយអ៊ីស្រាអែល ដំណើរការដោយសហរដ្ឋអាមេរិក បាននាំឱ្យមានការស្លាប់ និងរបួសមនុស្សជាច្រើននាក់ដោយការប្រញាប់ប្រញាល់របស់ពលរដ្ឋប៉ាឡេស្ទីនទៅកាន់ចំណុចចែកចាយជំនួយ ដែលផ្អាកប្រតិបត្តិការរបស់ខ្លួនកាលពីថ្ងៃពុធ ដើម្បីវាយតម្លៃពីផែនការ។
អង្គការសហប្រជាជាតិ និងទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិជាច្រើន បានរិះគន់ប្រតិបត្តិការរបស់មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា(GHF) ចាប់តាំងពីថ្ងៃដែលគម្រោងថ្មីត្រូវបានប្រកាស។
ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃពុធថា ប្រតិបត្តិការរបស់មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា(GHF) គឺជាលទ្ធផលនៃជម្រើសដោយចេតនាជាបន្តបន្ទាប់ ដែលបានបង្អត់អាហារជាប្រព័ន្ធដល់មនុស្ស២លាននាក់ ដែលពួកគេត្រូវការដើម្បីរស់រាន។
