លោក Putin ត្រូវបានស្រង់សម្តីដែលបាននិយាយតាមបណ្តាញតាមអ៊ីនធឺណិត កាលពីថ្ងៃពុធដោយជំនួយការរបស់លោក លោក Vladimir Medinsky ដែលបានដឹកនាំគណៈប្រតិភូរុស្ស៊ីទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលកាលពីដើមសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាដោយផ្ទាល់ជាមួយមន្ត្រីអ៊ុយក្រែនថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានច្រានចោលសំណើរបស់អ៊ុយក្រែន សម្រាប់បទឈប់បាញ់ ឬជំនួបកំពូល ដោយនិយាយថា «តើនរណានឹងចរចាជាមួយអ្នកដែលពឹងផ្អែកលើការវាយប្រហារភេរវកម្ម?» នោះ។

លោក Medinsky បាននិយាយថា ភាគីអ៊ុយក្រែន បានស្នើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ឬ៦០ថ្ងៃ ដើម្បីរៀបចំសម្រាប់ជំនួបកំពូលរវាងលោក Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy។ លោក Putin បាននិយាយថា ការបំផ្ទុះស្ពាននៅតំបន់ Bryansk និងតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍កន្លងទៅនេះ បានបណ្តាលឲ្យមនុស្ស ៧ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ លោក និយាយថា វាគឺជាការវាយប្រហារភេរវកម្មដោយគ្មានការសង្ស័យឡើយ។
លោកPutin អះអាងថា ការផ្អាកចំពោះអរិភាព នឹងជំរុញឲ្យរបបអ៊ុយក្រែនទទួលបានអាវុធរបស់លោកខាងលិច ដើម្បីរៀបចំសកម្មភាពភេរវកម្មផ្សេងទៀត។ កន្លងមក លោក Putin បានច្រានចោលលោក Zelenskyy ថាជាដៃគូចរចា ដោយនិយាយសំដៅលើលោក Zelenskyy ថា ជាប្រធានាធិបតីមិនស្របច្បាប់ ដែលអាណត្តិរបស់លោកបានផុតកំណត់។ ប៉ុន្តែលោកកំពុងប្រកាន់ជំហររឹងរូស ខណៈអ៊ុយក្រែនបង្កើនការវាយលុករបស់ខ្លួន។
