ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី៤ ខែមិថុនា) បាននិយាយថា លោក Vladimir Putin មានគម្រោងសងសឹក «យ៉ាងធ្ងន់ធ្ងរ» លើអ៊ុយក្រែន ក្រោយមានការវាយប្រហារដោយយានដ្រូនដ៏គួរឲ្យភ្ញាក់ផ្អើល នៅអាកាសយានដ្ឋានរុស្ស៊ី កាលពីចុងសប្តាហ៍កន្លងមក ជាការអះអាងដែលបង្កឲ្យមានក្ដីបារម្ភ ទាំងនៅទីក្រុងវ៉ាស៊ីនតោន និងបរទេស បើទោះបីជាលោក Trump បានព្យាយាមប្រកាសក្ដែងៗពីកិច្ចប្រឹងប្រែងរបស់លោក ក្នុងការនាំឲ្យមានសន្តិភាពនៅក្នុងតំបន់ក៏ដោយ។

ការបញ្ចេញព័ត៌មានឲ្យដឹងនោះបានលេចឡើងតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមភ្លាមៗ បន្ទាប់ពីលោក Trump បានជួបជាមួយប្រធានាធិបតីរុស្ស៊ីតាមទូរសព្ទ អស់រយៈពេលជាង ១ម៉ោង ជាការជជែកដែលលោកបានពិពណ៌នាថា ជា «ការសន្ទនាដ៏ល្អ ប៉ុន្តែមិនមែនជាការសន្ទនាដែលនឹងនាំទៅរកសន្តិភាពភ្លាមៗនោះឡើយ»។ ក្នុងសេចក្តីថ្លែងការណ៍របស់លោក លោក Trump ហាក់ដូចជាទទួលយកការព្រមានរបស់លោក Putin ដោយមិនមានមន្ទិលសង្ស័យ ហើយក៏មិនបានផ្តល់សញ្ញាថា លោកបានជំរុញឲ្យមានការអត់ធ្មត់នោះដែរ។
លោក Trump បានសរសេរពីការព្រមាននោះនៅលើបណ្ដាញសង្គម Truth Social ដោយបានសំដៅទៅលើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដោយយានដ្រូនរបស់អ៊ុយក្រែន ពោលគឺជាការវាយប្រហារដែលសំដៅទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួន៥ និងដែលបានធ្វើឲ្យខូចខាត ឬបំផ្លិចបំផ្លាញយន្តហោះយោធាយ៉ាងហោចណាស់ ៤១គ្រឿង ក្នុងនោះរួមទាំងយន្តហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្ត្រផងដែរ។
គួរបញ្ជាក់ថា ប្រតិបត្តិការរបស់អ៊ុយក្រែន ដែលបានបណ្តាលឲ្យមានការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ គឺជាការវាយប្រហារដ៏ខ្លាំងបំផុតមួយរបស់ទីក្រុងគីវ ដែលចូលជ្រៅទៅក្នុងដែនដីរុស្ស៊ី គិតចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមផ្ទុះឡើង កាលពីជាង ៣ឆ្នាំមុន៕
