ភ្នំពេញ៖ ក្នុងពេលអញ្ជើញក្រាបបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម សន្យាជំរុញមិត្តភាពកម្ពុជា-វៀតណាមឲ្យកាន់តែល្អប្រសើរ។
មុនពេល ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បញ្ចប់ការបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពេញមួយព្រឹកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម បានអញ្ជើញក្រាបបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាណាចក្រកម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចមហាសង្ឃរាជាធិបតី បួរ គ្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ង្វៀន សួនហ៊្វុក និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ដែលជាចំណងការទូតរវាងកម្ពុជា និងវៀតណាម។
សម្តេចមហាសង្ឃរាជាធិបតី បួរ គ្រី មានព្រះសង្ឃដីកាថា ទំនាក់ទំនងរបស់ប្រទេសទាំងពីររក្សាបាននូវទំនាក់ដល់ប្រជាជាតិកម្ពុជា និងប្រជាជាតិវៀតណាមដែលមានពីយូរអង្វែង និងបានផ្សារភ្ជាប់ជាមហាមិត្តដែលជួយពីអតីតកាលផងដែរ។
សម្តេចមហាសង្ឃរាជាធិបតី បួរ គ្រី បានមានព្រះសង្ឃដេកាទៀតថា សូមឲ្យមិត្តភាពកម្ពុជា-វៀតណាមមានភាពល្អប្រសើរយូរអង្វែង។
នាឱកាសនោះ ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ក្នុងការបំពេញទស្សនកិច្ចមកកាន់កម្ពុជា។ ឯកឧត្តម មានប្រសាសន៍ក្នុងជំនួបសវនាការថា វៀតណាមនឹងជំរុញមិត្តភាពកម្ពុជា-វៀតណាម ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះដែរ នៅមុនពេលឯកឧត្តម ង្វៀន សួនហ៊្វុក ធ្វើដំណើរមកចូលគាល់សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំ ពិធីទទួលទានអាហារពេលព្រឹកការងារជូនឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ នៅភូមិគ្រឹះរបស់សម្តេច។
ក្នុងពិធីទទួលទានអាហារការងារពេលព្រឹកនេះ មានវត្តមានកូនប្រុសទាំងបីរបស់សម្តេច គឺឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី៕ អត្ថបទ៖ សេក ឧត្តម