ជំនួយការវិមានក្រឹមឡាំងលោក Yury Ushakov បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងសមភាគីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាគ្នា អំពីជម្លោះប្រដាប់អាវុធនាពេលថ្មីៗនេះ រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន។

លោកបាននិយាយថា៖«មេដឹកនាំទាំងពីរ ក៏បានលើកឡើងអំពីមជ្ឈិមបូព៌ា និងជម្លោះប្រដាប់អាវុធរវាងឥណ្ឌា និងប៉ាគីស្ថាន ដែលត្រូវបានបញ្ឈប់ដោយមានការចូលរួមផ្ទាល់ខ្លួនពីលោកប្រធានាធិបតី ត្រាំ»។
ទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថាន កាន់តែតានតឹង បន្ទាប់ពីការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី ២២ ខែមេសា នៅទីក្រុងទេសចរណ៍ដ៏ពេញនិយម Pahalgam ក្នុងទឹកដីសហភាពឥណ្ឌាគឺទីក្រុង Jammu និង កាស្មៀរ(Kashmir) ដែលបានសម្លាប់ជនជាតិឥណ្ឌា ២៥នាក់ និងជនជាតិនេប៉ាល់ម្នាក់។ ស្ថានការណ៍កាន់តែតានតឹងឡើង នៅថ្ងៃទី ០៧ ខែឧសភា នៅពេលដែលកងកម្លាំងប្រដាប់អាវុធឥណ្ឌា បានចាប់ផ្តើមប្រតិបត្តិការ Sindoor ដោយវាយលុកគោលដៅនានា ក្នុងប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរ ក្រោមការគ្រប់គ្រងរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ដែលទីក្រុងញូវដែលី អះអាងថា ជាជម្រកភេរវករ។ ប៉ាគីស្ថាន បានធ្វើការវាយប្រហារសងសឹក។ នៅថ្ងៃទី១០ ឧសភា ភាគីទាំងពីរ បានប្រកាសបទឈប់បាញ់ពេញលេញមួយ។
