ប្រមុខការពារជាតិអាមេរិក លោក Pete Hegseth នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) នេះ នឹងប្រឹងប្រែងជំរុញឲ្យមានការព្រមព្រៀង ស្តីពីការបង្កើនការចំណាយលើវិស័យការពារជាតិរបស់អង្គការណាតូ (NATO) ជាអ្វីដែលអាចបំពេញចិត្តលោកប្រធានាធិបតី Donald Trump នៅឯកិច្ចប្រជុំកំពូល នាចុងខែនេះ។
គួរបញ្ជាក់ថា មេដឹកនាំអាមេរិកដែលផ្លាស់ប្ដូរមិនទៀងទាត់ បានទាមទារឲ្យសមាជិកសម្ព័ន្ធភាព យល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ នៅឯកិច្ចប្រជុំថ្ងៃទី ២៤-២៥ ខែមិថុនា នៅប្រទេសហូឡង់។

ប្រមុខអង្គការណាតូ លោក Mark Rutte បានដាក់ចេញនូវកិច្ចព្រមព្រៀងសម្របសម្រួលមួយកម្រិត ៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប សម្រាប់ការចំណាយផ្នែកយោធាស្នូល នៅឆ្នាំ២០៣២ និង ១,៥ភាគរយលើផ្នែកដែលទាក់ទងនឹងសន្តិសុខដ៏ទូលំទូលាយ ដូចជាហេដ្ឋារចនាសម្ព័ន្ធជាដើម។
អ្នកការទូតជាច្រើនលើកឡើងថា លោក Rutte ទំនងជាស្ថិតលើផ្លូវ ដែលទទួលបានកិច្ចព្រមព្រៀង សម្រាប់កិច្ចប្រជុំកំពូល នៅទីក្រុងឡាអេ ប៉ុន្តែសម្ព័ន្ធមិត្តមួយចំនួន នៅតែស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្ត ចំពោះការចំណាយកម្រិតនេះ។
ប្រមុខអង្គការណាតូ បាននិយាយកាលពីថ្ងៃពុធថា៖ «ខ្ញុំពិតជាជឿជាក់យ៉ាងមុតមាំថា នៅក្នុងកិច្ចប្រជុំកំពូលជាមួយសមាជិកទាំង ៣២ប្រទេស យើងនឹងឈានដល់កិច្ចព្រមព្រៀង នៅពេលនិយាយអំពីការបង្កើនការចំណាយលើវិស័យការពារជាតិ»៕
