ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានថ្កោលទោសប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) នេះ ជុំវិញការអត្ថាធិប្បាយ «មិនប្រុងប្រយ័ត្ន» លើទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងមូស្គូ ដោយហៅការលើកឡើងនេះថា ជា «ការនិយាយឥតខ្លឹមសារដ៏គួរឲ្យភ្ញាក់ផ្អើល»។
នៅក្នុងការអត្ថាធិប្បាយមួយដែលចែករំលែកដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អ្នកវិភាគ លោក Choe Ju Hyun បានផ្តោតលើការកត់សម្គាល់របស់មេដឹកនាំបារាំង នៅឯព្រឹត្តិការណ៍កិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ។

នៅក្នុងព្រឹត្តិការណ៍នោះ លោក Macron បានលើកឡើងថា សម្ព័ន្ធការពារជាតិរបស់អង្គការណាតូ អាចចូលរួមជាមួយទ្វីបអាស៊ី ប្រសិនបើចិនមិនអាចធ្វើអ្វីបន្ថែមទៀត ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើងឲ្យបញ្ឈប់ការបញ្ជូនកងកម្លាំងទៅជួយរុស្ស៊ី ក្នុងសង្គ្រាម នៅអ៊ុយក្រែន។
ដោយនិយាយសំដៅទៅឈ្មោះផ្លូវការរបស់កូរ៉េខាងជើង គឺសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ការអត្ថាធិប្បាយនោះ បានបញ្ជាក់ថា៖ «វាគឺជាកំហុសឆ្គង ប្រសិនបើលោក Macron គិតថា លោកអាចបិទបាំងចេតនាដ៏ឃោរឃៅ និងអាក្រក់របស់អង្គការណាតូ ក្នុងការដាក់ជើងដ៏គគ្រិចរបស់យោធា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយយកបញ្ហាទំនាក់ទំនងសហប្រតិបត្តិការកូរ៉េខាងជើង-រុស្ស៊ីជាលេស»។
លោក Choe បានសរសេរថា លោក Macron «ត្រូវបានគេស្គាល់ជាសាធារណៈថា ជាអ្នកនយោបាយដែលចូលចិត្តបង្ហាញពីអត្ថិភាពរបស់លោក ដោយការនិយាយឥតខ្លឹមសារដ៏គួរឲ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ និងការអះអាងដែលគ្មានភាពប្រាកដប្រជាដោយមិនគិតពីផលវិបាក»៕
