ឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Ishaq Dar បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានបញ្ជាក់ទៅកាន់មន្ត្រីប៉ាគីស្ថានថា គ្មានយន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសប៉ាគីស្ថាន (PAF) ត្រូវបានហោះហើរ ឬបាញ់ទម្លាក់ ក្នុងអំឡុងពេលជម្លោះរយៈពេល ៤ថ្ងៃ ជាមួយឥណ្ឌា កាលពីខែមុនទេ។
យោធានៃប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរឥណ្ឌា និងប៉ាគីស្ថាន បានប្រឈមមុខដាក់គ្នា ក្នុងរយៈពេល ៤ថ្ងៃនៃការប្រយុទ្ធគ្នារវាងថ្ងៃទី ៧-១០ខែឧសភា ដែលឃើញការប្រើប្រាស់យន្តហោះចម្បាំង មីស៊ីលយានដ្រូន និងកាំភ្លើងធំដោយភាគីទាំងពីរ មុនពេលបទឈប់បាញ់ ត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។

ប៉ុន្មានថ្ងៃក្រោយមក ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានអះអាងថា កងទ័ពអាកាសឥណ្ឌា បានបាញ់ទម្លាក់យន្តហោះចម្បាំង F-16 របស់ប៉ាគីស្ថាន អំឡុងពេលមានជម្លោះនោះ។
លោក Dar បាននិយាយពេលថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងអ៊ីស្លាម៉ាបាដថា៖ «មានការភូតកុហកដែលថា យន្តហោះចម្បាំង F-16 ដែលពួកគេអះអាងថា ត្រូវបានបាញ់ទម្លាក់»។
“បញ្ហានេះ ត្រូវបានបង្ហាញឲ្យឃើញច្បាស់ នៅពេលយើងទៅដល់អាជ្ញាធរពាក់ព័ន្ធនៅអាមេរិក ពួកគេបានបញ្ជាក់ក្នុងរយៈពេល ២៤ ម៉ោងថា គ្មាន F-16 ត្រូវបានគេហោះហើរពីប៉ាគីស្ថាន ឬបានធ្លាក់នោះទេ។
សហរដ្ឋអាមេរិក មិនបានធ្វើអត្ថាធិប្បាយអំពីការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថានទេ។
ការប្រើប្រាស់យន្តហោះ F-16 នៅក្នុងជម្លោះចុងក្រោយនេះ អាចបង្កឲ្យមានការព្រួយបារម្ភ ដោយសារតែកិច្ចព្រមព្រៀងត្រួតពិនិត្យការប្រើប្រាស់ចុងក្រោយដ៏តឹងរឹង ដែលដាក់ដោយសហរដ្ឋអាមេរិក។
