អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ី ត្រូវបានខូចខាត ប៉ុន្តែមិនត្រូវបានបំផ្លាញទាំងស្រុង នៅក្នុងការវាយប្រហារ កាលពីថ្ងៃទី ០១ ខែមិថុនា ដោយអ៊ុយក្រែន ហើយពួកវា នឹងត្រូវបានជួសជុលឡើងវិញ។

ការវាយប្រហាររបស់អ៊ុយក្រែន បានកំណត់គោលដៅទៅលើអាកាសយានដ្ឋាននៅតំបន់ស៊ីបេរី និងចុង ខាងជើង ដែលរុស្ស៊ីផ្ទុកយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ដែលជាផ្នែកមួយនៃកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួន។
មន្ត្រីអាមេរិកពីររូប បាននិយាយថា សហរដ្ឋអាមេរិក វាយតម្លៃថា យន្តហោះចម្បាំងរហូតដល់ ២០គ្រឿង ត្រូវបានវាយប្រហារ ហើយប្រហែល ១០គ្រឿង ត្រូវបានបំផ្លាញ ដែលជាតួលេខប្រហែលពាក់កណ្តាលនៃចំនួនប៉ាន់ស្មានដោយប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្សេឡិនស្គី ( Volodymyr Zelensky)។
ប៉ុន្តែលោក Ryabkov ដែលជាអ្នកមើលការខុសត្រូវផ្នែកការទូតគ្រប់គ្រងអាវុធ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ថា៖«គ្រឿងយុទ្ធោបករណ៍ដែលកំពុងត្រូវបានពិភាក្សា ដូចដែលត្រូវបានបញ្ជាក់ផងដែរដោយអ្នកតំណាងក្រសួងការពារជាតិ មិនត្រូវបានបំផ្លាញទេ ប៉ុន្តែបានខូចខាត។ ពួកវាទាំងអស់ នឹងត្រូវជួសជុលឡើងវិញ។

