អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ (UNICEF) គឺលោក James Elder បានពណ៌នាវិបត្តិមនុស្សធម៌ដែលកើតមាននៅតំបន់ហ្កាហ្សាថា ជា «ការបំផ្លិចបំផ្លាញសង្គមមួយ ម្ដងបន្តិចៗ ពីកុមារម្នាក់ទៅកុមារម្នាក់» ខណៈដែលរូបលោកបានចេញការព្រមានធ្ងន់ៗ អំពីភាពអត់ឃ្លាន និងការអស់សង្ឃឹមដែលកំពុងរីករាលដាល ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ជាពិសេសកុមារ។
អំឡុងពេលនិយាយទៅកាន់លោក Tom Burges Watson របស់សារព័ត៌មាន Al Arabiya ជាភាសាអង់គ្លេស ពីទីក្រុង Khan Younis លោក Elder បានគូសបញ្ជាក់ពីទិដ្ឋភាពដ៏គួរឲ្យសោកសៅ នៅទូទាំងតំបន់ហ្កាហ្សា ដោយបានប្រាប់ថា កង្វះអាហារ ទឹក និងជំនួយផ្នែកវេជ្ជសាស្រ្ដ មិនមែនជាសោកនាដកម្មកើតឡើងដោយគ្រោះធម្មជាតិនោះទេ ប៉ុន្តែជាសោកនាដកម្មដែលបង្កឡើងដោយមនុស្ស។

លោកបានសង្កត់ធ្ងន់ថា ស្ថានភាពនេះ គឺធ្ងន់ធ្ងរជាពិសេសចំពោះកុមារ ដែលទំនងជាស្លាប់ដោយសារជំងឺ ពីព្រោះមន្ទីរពេទ្យនៅតែមានអ្នកជំងឺច្រើនលើសលប់ ហើយការផ្ដល់លទ្ធភាពឲ្យទទួលបានអាហារូបត្ថម្ភជាមូលដ្ឋាន លែងមានទៀតហើយ ខណៈដែលការរាំងខ្ទប់របស់អ៊ីស្រាអែលលើជំនួយមនុស្សធម៌ នៅតែបន្តមាន។ លោកបានបន្ថែមថា៖ «នៅពេលគ្រោះទុរ្ភិក្សត្រូវបានប្រកាសឡើង វាមានន័យថា ការស្លាប់បានចាប់ផ្តើមមានហើយ»។
ទោះបីជាជំនួយខ្លះៗត្រូវបានចែកចាយនាពេលថ្មីៗនេះ ដោយមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ក៏ដោយ ក៏លោក Elder បានពណ៌នាក្រុមនេះថា ជាក្រុមយោធា និងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយហៅប្រតិបត្តិការរបស់មូលនិធិនេះបង្កជាភាពវឹកវរ និងគ្រោះថ្នាក់។
ជំនួយមានកំណត់ត្រូវបានអនុញ្ញាតឲ្យចូលតំបន់ហ្កាហ្សា នៅទីតាំងយោធាមួយចំនួនប៉ុណ្ណោះ។ ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ត្រូវបានសម្លាប់នៅពេលដែលទាហានអ៊ីស្រាអែលបានបាញ់ ជាអ្វីដែលពួកគេអះអាងថា ជា «ការបាញ់ព្រមាន» ចំពោះអ្នកដែលស្វែងរកជំនួយទាំងអស់សង្ឃឹម៕


