ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំសិក្ខាសាលា "ផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន" នៅសាលាខណ្ឌបឹងកេងកង ជូនដល់សង្កាត់ទាំង៧ និងភូមិ៥០ ដែលស្ថិតនៅក្នុងខណ្ឌបឹងកេងកង ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធសរុបប្រមាណ ៦០នាក់។
យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីសេវាការងារ និងព័ត៌មានឱកាសការងារ ដល់មូលដ្ឋាន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលបានព័ត៌មានអំពីឱកាសការងារ និងចុះឈ្មោះស្វែងរកការងារ និងដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មរបស់វិស័យឯកជន។ សិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញពីសេវាការងារ និងការផ្សព្វផ្សាយ អំពីឱកាសការងារដែលកំពុងត្រូវការដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះស្វែងរកការងារតាមរយៈអាជ្ញាធរមូលដ្ឋានក្នុងភូមិ សង្កាត់ និងខណ្ឌទាំងមូលដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ៕








