នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starter បាននិយាយកាលពីថ្ងៃពុធថា សកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាគឺ «គួរឲ្យរន្ធត់ និងមិនអាចអត់ឱនបាន» ចំពេលមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីបញ្ឈប់ការសម្លាប់ប្រជាជនប៉ាឡេស្ទីន។
ទីភ្នាក់ងារជំនួយ និងរដ្ឋាភិបាលជុំវិញពិភពលោក សុទ្ធតែបានថ្កោលទោសចំពោះការសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ក្នុងសប្តាហ៍នេះ ខណៈដែលពួកគេព្យាយាមចូលទៅកាន់កន្លែងចែកចាយស្បៀងអាហារនៅក្នុងទឹកដីដែលត្រូវបានបំផ្លាញនេះ។
ការថ្កោសទោសនេះ ធ្វើឡើង បន្ទាប់ពីការប្រឆាំងកាន់តែខ្លាំងឡើង នៅក្នុងទ្វីបអឺរ៉ុប ចំពោះយុទ្ធនាការយោធារបស់អ៊ីស្រាអែល ដោយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី កាន់តែរិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីបេនចាមីន ណេតាន់យ៉ាហ៊ូ( Benjamin Netanyahu)។
លោក Starmer បានថ្លែងប្រាប់សមាជិកសភាថា៖«សកម្មភាពនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល គឺគួរឲ្យ ភ័យខ្លាច ហើយតាមទស្សនៈរបស់ខ្ញុំ គឺត្រូវតែទប់ស្កាត់ និងមិនអាចអត់ឱនបាន ហើយយើងបានប្រឆាំងជាដាច់ខាតចំពោះការពង្រីកប្រតិបត្តិការយោធា និងការតាំងទីលំនៅ អំពើហិង្សា និងការរារាំងជំនួយមនុស្សធម៌»។
លោកបាននិយាយថា ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងពិចារណាដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល ហើយថា រដ្ឋាភិបាលរបស់លោក បានផ្អាកការពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួចហើយ។