ប្រមុខទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) បានប្រាប់សារព័ត៌មាន The Associated Press (AP) កាលពីថ្ងៃពុធ (ទី៤ ខែមិថុនា) ថា រដ្ឋាភិបាលថ្មីរបស់ប្រទេសស៊ីរី បានយល់ព្រមឲ្យមន្ត្រីអធិការកិច្ចរបស់ស្ថាប័នេះចូលភា្លមៗទៅកាន់កន្លែងដែលត្រូវបានសង្ស័យថា ជាអតីតទីតាំងនុយក្លេអ៊ែរ។
ជាមួយគ្នានេះ ក្នុងបទសម្ភាសន៍នៅទីក្រុងដាម៉ាស ជាកន្លែងដែលលោកបានជួបជាមួយប្រធានាធិបតី លោក Ahmed al-Sharaa និងមន្ត្រីផ្សេងទៀតនោះ អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi បានប្រាប់ថា មេដឹកនាំស៊ីរីថ្មី ក៏បានបង្ហាញការចាប់អារម្មណ៍ផងដែរ ក្នុងការស្វែងរកថាមពលនុយក្លេអ៊ែរ សម្រាប់ប្រទេសស៊ីរី នាពេលអនាគត។
លោក Grossi បានបញ្ជាក់ថា គោលបំណងរបស់ទីភ្នាក់ងារនេះ គឺ «ដើម្បីនាំមកនូវភាពច្បាស់លាស់ទាំងស្រុងលើសកម្មភាពមួយចំនួន ដែលបានកើតឡើងកាលពីអតីតកាល ពោលគឺស្ថិតនៅក្នុងការវិនិច្ឆ័យរបស់ទីភ្នាក់ងារនេះ ដែលប្រហែលជាទាក់ទងទៅនឹងអាវុធនុយក្លេអ៊ែរ»។

ក្រុមរបស់ IAEA ក្នុងឆ្នាំ២០២៤ បានទៅមើលកន្លែងមួយចំនួនដែលត្រូវបានចាប់អារម្មណ៍ ខណៈដែលអតីតប្រធានាធិបតី លោក Bashar al-Assad មានអំណាច។ ចាប់តាំងពីការដួលរលំរបស់របបលោក al-Assad កាលពីខែធ្នូឆ្នាំមុន IAEA បាននិងកំពុងស្វែងរកឡើងវិញនូវលទ្ធភាពចូលទៅកាន់ទីតាំងដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសស៊ីរី។
លោក Grossi បានពិពណ៌នាអំពីរដ្ឋាភិបាលថ្មីថា «បានប្តេជ្ញាចិត្តក្នុងការបើកចំហ ចំពោះពិភពលោក ដើម្បីឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ» ហើយបាននិយាយថា លោកមានក្តីសង្ឃឹម ក្នុងការបញ្ចប់ដំណើរការអធិការកិច្ច ក្នុងរង្វង់ប៉ុន្មានខែខាងមុខ៕
