យោងតាមការអះអាងរបស់អាជ្ញាធរសុខភាពក្នុងស្រុក បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ ជនប៉ាឡេស្ទីនបានជួបជុំគ្នានៅក្រៅមន្ទីរពេទ្យ Al-Ahli al-Arabi ស្ថិតក្នុងទីក្រុងហ្កាហ្សា ដោយពួកគេប្រញាប់ប្រញាល់ជួយជនរងគ្រោះនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់អ្នកសារព័ត៌មាន ៤នាក់ ។
ពួកគេបន្តថា ជនប៉ាឡេស្ទីនយ៉ាងហោច ១៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ ។
អ៊ីស្រាអែលពុំបានផ្តល់សេចក្តីអត្ថាធិប្បាយភា្លមៗនោះទេចំពោះឧបទ្ទេវហេតុមួយនេះ ។ អ៊ីស្រាអែលតែងតែច្រានចោលគោលដៅលើអ្នកសារព័ត៌មាន ហើយពួកគេនិយាយថា ពួកគេបានចាត់វិធានការ ដើម្បីចៀសវាងការវាយប្រហារត្រូវជនស៊ីវិល ។

យោងតាមការិយាល័យសារព័ត៌មានរដ្ឋាភិបាលហ្កាហ្សា បានឲ្យដឹងថា អ្នកសារព័ត៌មានប្រហែល ២២៥នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ។
យោធាអ៊ីស្រាអែល បានបង្កើនការប្រតិបត្តិការសឹករបស់ពួកគេនៅហ្កាហ្សា ចាប់តាំងពីដួលរលំបទឈប់បាញ់ដ៏ផុយស្រួយជាមួយក្រុមហាម៉ាសកាលពីខែមីនា ហើយពួកគេដណ្តើមបានគ្រប់គ្រងដែនដីកាន់តែច្រើនដោយមានការជំរុញរបស់រដ្ឋាភិបាល ក្នុងការបោសសម្អាតក្រុមហាម៉ាសឲ្យទាល់តែអស់ ៕
