អ្នកភូមិត្រូវបានជម្លៀសចេញពីទឹកជំនន់នៅរដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា ដែលបានធ្វើឲ្យប៉ះពាល់ផងដែរដល់សត្វរមាសស្នែង ១នៅតំបន់នោះ ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Assam និយាយថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់មនុស្សជាង ៦០ម៉ឺននាក់ នៅតាមស្រុកចំនួន ២១ ក្នុងរដ្ឋមួយនេះ ។

លោក Pranjal Baruah គឺជាអនុរក្សជម្រកសត្វព្រៃ និយាយថា ភ្លៀងធ្លាក់ខ្លាំង បានជន់លិចជម្រកសត្វព្រៃ Pobitora បណ្តាលឲ្យជំរំប្រឆាំងការបរបាញ់សត្វប្រហែល ១០កន្លែងលិចលង់ ។
យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន ANI បានឲ្យដឹងថា ជម្រកសត្វព្រៃនេះ មានសត្វរមាសស្នែងមួយ ១០៧ក្បាលរស់នៅ ក្នុងនោះមានរមាសឈ្មោល ៣០ក្បាល រមាសញី ៥០ក្បាល និងកូនរមាស ២៧ក្បាល ។
ទីភ្នាក់ងារ ANI រាយការណ៍ទៀតថា ភូមិដ្ឋាន ១.៥០០កន្លែង បច្ចុប្បន្នរងការជន់លិច ហើយទឹកជំនន់បានជន់លិចដីស្រែចម្ការប្រជាពលរដ្ឋប្រមាណ ១៤.៧៣៩ហិចតា ៕
