ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងភាគីប្រទេសចិន បានចុះកិច្ចព្រមព្រៀងលើកូតានាំចេញអង្ករថ្មី ក្នុងបរិមាណន ៤០ម៉ឺនតោន ដោយការអនុវត្តមានរយៈពេល ១៧ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២១នេះតទៅ។
លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២២ ខែធ្នូនេះថា កិច្ចព្រមព្រៀងផ្តល់កូតាថ្មី ៤សែនតោន ត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយការនាំចេញអនុវត្តចាប់ពីខែធ្នូតទៅ ដែលត្រូវបានកំណត់រយៈពេលជាក់លាក់១៧ខែ។
លោកបញ្ជាក់ថា កិច្ចព្រមព្រៀងលើកូតានាំចេញអង្ករថ្មីរបស់កម្ពុជាទៅប្រទេសចិន នេះធ្វើឡើងបន្ទាប់កម្ពុជា បានសម្រេចនាំចេញអង្ករ៤០ម៉ឺនតោន នៅក្នុងកូតានាំចេញអង្ករចាស់។ ការទទួលបានកូតាថ្មីនេះ នឹងធ្វើឱ្យកម្ពុជា បង្កើនការនាំចេញអង្ករកាន់តែច្រើនទៅទីផ្សារអន្តរជាតិ។
លោក លន់ យ៉េង បន្ដថា “បរិមាណពីមួយឆ្នាំទៅមួយឆ្នាំ មានកំណើនឡើង ទោះស្ថានភាពដូចឆ្នាំនេះ ពិបាកដឹកជញ្ជូន យើងនៅតែដំណើរការនាំចេញទៅចិន មានកំណើន១២ភាគរយ។ ឆ្នាំក្រោយ ២០២២ ខ្ញុំគិតថា អាចល្អជាងមុនទៅទៀត ហើយកូតាថ្មី៤០ម៉ឺន យើងគិតថាអនុវត្តបានលឿនជាងអ្វី១៧ខែ”។
ចិនបានក្លាយជាទីផ្សារដ៏សំខាន់ សម្រាប់ការនាំចេញអង្កររបស់កម្ពុជា។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនជាប់លេខ១ ជាប្រទេសទិញអង្ករពីកម្ពុជា ច្រើនជាងគេ។
ចិនផ្តល់កូតានាំចូលអង្ករកម្ពុជា លើកដំបូងចំនួន១សែនតោន នៅឆ្នាំ២០១៤, លើកទី២ ចំនួន១សែនតោនដដែល នៅ ឆ្នាំ២០១៥, លើកទី៣ ចំនួន២សែនតោន នៅឆ្នាំ២០១៦, លើកទី៤ ចំនួន៣សែនតោន នៅឆ្នាំ២០១៨, លើកទី៥ ចំនួន៤សែនតោន នៅឆ្នាំ២០១៩ និងលើកទី៦ ចំនួន៤សែនតោន នៅខែវិច្ឆិកា ឆ្នាំ២០២១។
នៅរយៈពេល១១ខែឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៣២ ១៧៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣៦៦ ៤១៤៧៩០ ដុល្លារ។
ប្រទេសចិនជាប្រទេសដែលកម្ពុជា បាននាំអង្ករទៅច្រើនជាងគេដែលមានចំនួន២៥.៦ម៉ឺនតោន ស្មើនឹង៤៩.៨៥% នៃការនាំចេញសរុប ដែលមានកំណើនកើនឡើងចំនួន១២.៩០ភាគរយ៕អត្ថបទ៖ វណ្ណ
