កងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងម៉ានីល នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា យោធាហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនទឹករួមគ្នានៅក្នុងសមុទ្រចិនខាងត្បូងជាលើកទី៧ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងភាគីទាំង២។
សមយុទ្ធដែលបានធ្វើឡើង កាលពីថ្ងៃពុធ នៅក្នុងដែនទឹកនៃខេត្ត Occidental Mindoro និង Zambales និងឆ្ងាយពីតំបន់មានជម្លោះ រួមមានប្រតិបត្តិការរួមគ្នានៅក្បែរបណ្ដោយឆ្នេរ ក៏ដូចជាយុទ្ធសាស្ត្របាញ់គាំទ្រ។
កងកម្លាំងប្រដាប់អាវុធហ្វីលីពីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «MCA (សកម្មភាពសហប្រតិបត្តិការដែនសមុទ្រ) គឺជាការបង្ហាញពីការតាំងចិត្តរបស់ប្រទេសទាំង២ ក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់អន្តរប្រតិបត្តិការ ស្របតាមច្បាប់អន្តរជាតិ»។

ការធ្វើសមយុទ្ធដែនទឹករួមគ្នានេះ ក៏បានបង្ហាញផងដែរនូវនាវារបស់ហ្វីលីពីន គឺ Miguel Malvar ជានាវាចម្បាំងបំពាក់មីស៊ីលតម្រង់គោលដៅប្រវែង ១១៨ម៉ែត្រ ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីខែមុន។ វាគឺជាមួយ ក្នុងចំណោមនាវាចម្បាំងប្រភេទមធ្យម ២គ្រឿងដែលត្រូវបានផលិតដោយក្រុមហ៊ុន Hyundai Heavy Industries របស់កូរ៉េខាងត្បូង ក្រោមកម្មវិធីទំនើបកម្មយោធារបស់ហ្វីលីពីន។
សកម្មភាពរួមគ្នាផ្នែកយោធា រវាងសម្ព័ន្ធមិត្តសន្ធិសញ្ញានេះ បានកើនឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Ferdinand Marcos Jr. ដែលបានខិតទៅកៀកទីក្រុងវ៉ាស៊ីនតោន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវវត្តមានរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង៕


