ភ្នំពេញ៖ ក្រោមកិច្ចសហការ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ការិយាល័យអាជីព និងការងារ ខេត្តកំពង់ចាម ត្រូវបានបើកឲ្យដំណើរការហើយ ដែលមានទីតាំងនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ស្ថិតនៅក្នុងបរិវេណអគារ ស.ស.យ.ក ខេត្តកំពង់ចាម)។
ប្រភពទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងនៅលើផេកផ្លូវការថា ការិយាល័យថ្មីនេះ យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជន អាចមកទទួលសេវាជាច្រើន មានដូចជា៖ ការចុះឈ្មោះ ផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារធ្វើទៅកាន់និយោជក, ការប្រឹក្សាយោបល់អំពីអាជីព ការងារ និងវិជ្ជាជីវៈ, សេវាជួយរៀបចំប្រវត្តិរូបសង្ខេប (CV) និងលិខិតអម, ការប្រឹក្សាអំពីការជ្រើសរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សាដល់សិស្សានុសិស្សដែលកំពុងសិក្សានៅមធ្យមសិក្សា, ការផ្សព្វផ្សាយព័ត៌មានឱកាសការងារ អាហារូបករណ៍ និងវគ្គអប់រំបណ្ដុះបណ្ដាល និងការផ្តល់ព័ត៌មាន និងចុះឈ្មោះយុវជនដែលមានបំណងចង់សិក្សាកម្មវិធី បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែននាក់។
បើតាម NEA យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចមកទទួលសេវាការងាររៀងរាល់ម៉ោងធ្វើការ ដែលមានជនបង្គោល ការិយាល័យអាជីព និងការងារ នៅរង់ចាំទទួលស្វាគមន៍ដោយក្តីរីករាយរៀងរាល់ម៉ោងធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕



