វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដោះស្រាយការប្រឈមមុខដាក់គ្នា រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមាននូវភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយទីក្រុងតេអេរ៉ង់ ហើយលោកប្រធានាធិបតី Putin បាននិយាយថា លោកបានត្រៀមជាស្រេច ក្នុងការប្រើប្រាស់ភាពជាដៃគូនេះ ដើម្បីជួយដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់»។
គួរបញ្ជាក់ថា បន្ទាប់ពីការជជែកតាមទូរសព្ទ រវាងមេដឹកនាំទាំង២ កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក Putin បានស្នើ «ចូលរួម» នៅក្នុងកិច្ចពិភាក្សា ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ខណៈដែលមេដឹកនាំអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា «មានភាពយឺតយ៉ាវ» ក្នុងការឆ្លើយតបទៅនឹងសំណើកិច្ចព្រមព្រៀងរបស់ទីក្រុងវ៉ាស៊ីនតោន។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានធ្វើការចរចាចំនួន ៥ជុំហើយយ គិតចាប់តាំងពីខែមេសា ដើម្បីដោះស្រាយបញ្ចប់កិច្ចព្រមព្រៀងថ្មីមួយ ពោលគឺជំនួសកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលលោក Trump បានបោះបង់ អំឡុងអាណត្តិដំបូងរបស់លោក ក្នុងឆ្នាំ២០១៨។
លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋបាលរបស់លោកនឹងមិនអនុញ្ញាតឲ្យ «មានការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម» ណាមួយឡើយ ទោះបីជាមានការលើកឡើងដដែលរបស់ទីក្រុងតេអេរ៉ង់ ដែលថា ខ្លួនមានសិទ្ធិក្រោមសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរក៏ដោយ។ ហើយកាលពីព្រឹកថ្ងៃពុធ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បាននិយាយថា ការស្នើរបស់ទីក្រុងវ៉ាស៊ីនតោន គឺផ្ទុយទៅនឹងផលប្រយោជន៍របស់ទីក្រុងតេអេរ៉ង់៕