នគរបាលបានប្រាប់ឲ្យដឹងថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ដែលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី ត្រូវបង្ខំចុះចតជាបន្ទាន់ នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃពុធ ដោយសារភាពជ្រួលច្របល់ដែលបង្កឡើងដោយព្យុះផ្គររន្ទះ ជាហេតុការណ៍ដែលបានបណ្ដាលឲ្យអ្នកដំណើរ ៩នាក់រងរបួស។
នគរបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរពីទីក្រុងប៊ែរឡាំង បានចុះចតដោយសុវត្ថិភាព នៅទីក្រុង Memmingen ចម្ងាយប្រហែល ១១៥គីឡូម៉ែត្រ នៅភាគខាងលិចនៃទីក្រុង Munich បន្ទាប់ពីអាកាសធាតុអាក្រក់ បានបង្ខំឲ្យអ្នកបើកយន្តហោះចាប់ផ្ដើមចុះចតបន្ទាន់។
នគរបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួស មានស្ត្រីម្នាក់រងរបួសក្បាល កូនអាយុ ២ឆ្នាំរបស់គាត់មានស្នាមជាំ ហើយស្ត្រីវ័យ ៥៩ឆ្នាំម្នាក់ប្រាប់ពីអាការឈឺខ្នង។ អ្នកទាំង៣ ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ ចំណែកអ្នករបួសផ្សេងទៀត កំពុងព្យាបាលនៅកន្លែងកើតហេតុ។
នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) នេះ ក្រុមហ៊ុន Ryanair បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា កាពីទែនរបស់យន្តហោះនេះ បានស្នើសុំជំនួយផ្នែកវេជ្ជសាស្រ្ត មុនពេលចុះចត។ ក្រុមហ៊ុនអាកាសចរណ៍នេះ ដែលបានសុំទោសដល់អ្នករងផលប៉ះពាល់ បានប្រាប់ថា ខ្លួនបានផ្តល់សេវារថយន្តក្រុងពីទីក្រុង Memmingen ទៅទីក្រុង Milan កាលពីយប់ថ្ងៃពុធ ក៏ដូចជាដូរយន្តហោះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ៕