វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ទីក្រុងមូស្គូ នឹងកំណត់ពី «របៀប និងពេលវេលា» ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន លើមូលដា្ឋនទ័ពអាកាស ដោយបានបញ្ជាក់ថា លោកប្រធានាធិបតី Vladimir Putin បានប្រាប់សមភាគីអាមេរិក លោក Donald Trump ថា រុស្ស៊ីនឹងសងសឹក។
គួរបញ្ជាក់ថា ការវាយប្រហារកាលពីចុងសប្តាហ៍កន្លងមករបស់ទីក្រុងគីវ លើអាកាសយានដ្ឋានរុស្ស៊ីចូលជ្រៅនៅខាងក្នុងដែនដីរុស្ស៊ី បានបំផ្លាញយន្តហោះដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ និងធ្វើឲ្យទីក្រុងមូស្គូក្រេវក្រោធយ៉ាងខ្លាំង។
នៅពេលត្រូវបានសួរថា តើការឆ្លើយតបរបស់ទីក្រុងមូស្គូនឹងជាយ៉ាងណានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ថា៖ «យោធារបស់យើងនឹងវាយតម្លៃពីរបៀប និងពេលវេលាសមស្រប»។
យន្តហោះរងខូចខាតទាំងនោះ ត្រូវបានចតនៅក្នុងអាកាសយានដ្ឋានដែលមានទីតាំងយ៉ាងជ្រៅក្នុងដែនដីរុស្ស៊ី ក្នុងនោះរួមទាំងនៅតំបន់ស៊ីបេរីផងដែរ។ បន្ទាប់ពីមានការជជែកតាមទូរសព្ទជាមួយលោក Putin កាលពីថ្ងៃពុធ លោក Trump បានឲ្យដឹងនៅលើបណ្ដាញសង្គមថា៖ «លោកប្រធានាធិបតី Putin ពិតជាបាននិយាយ ហើយខ្លាំងៗថា លោកនឹងត្រូវតែឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗនេះលើអាកាសយានដ្ឋាន»៕