មូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា ខ្លួននឹងបើកមជ្ឈមណ្ឌលចែកចាយជំនួយចំនួន ២ នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) នេះ។
GHF បានឲ្យដឹងមុននេះថា ទីតាំងផ្ដល់ជំនួយរបស់ខ្លួន នឹងមិនបើកតាមធម្មតានោះទេ ដោយសារមានការងារថែទាំ និងជួសជុល។ យ៉ាងណាក្ដី មូលនិធិនេះមិនបានប្រាប់ឲ្យដឹងនោះឡើយថា តើនៅពេលណាដែលការចែកចាយជំនួយ នឹងបន្តមានឡើងវិញ។
ក្រុមដែលរងការរិះគន់យ៉ាងខ្លាំងពីអង្គការមនុស្សធម៌នានា ក្នុងនោះរួមទាំងពីអង្គការសហប្រជាជាតិផងដែរ បានចាប់ផ្តើមចែកចាយជំនួយ កាលពីសប្តាហ៍មុន។
អង្គការសហប្រជាជាតិបានព្រមានថា ភាគច្រើននៃប្រជាជនចំនួន ២,៣លាននាក់ នៅតំបន់ហ្កាហ្សា ប្រឈមនឹងហានិភ័យគ្រោះទុរ្ភិក្ស បន្ទាប់ពីមានការរាំងខ្ទប់របស់អ៊ីស្រាអែលអស់រយៈពេល ១១សប្តាហ៍៕