រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) នេះ បាននិយាយថា ប្រទេសអេស្ប៉ាញឈរលើគោលដៅចំណាយផ្នែកវិស័យការពារជាតិរបស់ខ្លួនចំនួន ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈដែលមានសម្ពាធខ្លាំងឡើងៗពីថ្នាក់ដឹកនាំអង្គការណាតូ (NATO) និងសហរដ្ឋអាមេរិក ដែលចង់ឲ្យប្រទេសមេឌីទែរ៉ាណេបង្កើនបន្ថែមទៀត។
លោកស្រី Robles បាននិយាយថា៖ «យើងគិតថា កម្រិត ២ភាគរយនេះ គឺគ្រប់គ្រាន់ដើម្បីបំពេញការទទួលខុសត្រូវដែលយើងបានប្តេជ្ញាចិត្ត»។
យ៉ាងណាក្ដី លោកស្រីបានបញ្ជាក់ថា ប្រទេសអេស្ប៉ាញនឹងមិនវេតូនោះឡើយ ចំពោះការសម្រេចរបស់អង្គការណាតូ ក្នុងការបង្កើនគោលដៅចំណាយលើវិស័យការពារជាតិ អំឡុងកិច្ចប្រជុំកំពូលដែលនឹងធ្វើឡើងនៅចុងខែនេះ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ លោកស្រីបានបន្ថែមថា៖ «អ្វីដែលសំខាន់ គឺប្រទេសនីមួយៗ អាចសម្រេចបាននូវគោលបំណងដែលខ្លួនបានកំណត់»។
នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានប្រកាសកាលពីខែមេសា អំពីផែនការបង្កើនការចំណាយយោធាចំនួន ១០ពាន់លានអឺរ៉ូ (១១,៩៩ពាន់លានដុល្លារ) នៅឆ្នាំនេះ ដោយចង់សម្រេចឲ្យបានលឿនក្នុងឆ្នាំនេះនូវគោលដៅ ២ភាគរយនៃ GDP ដែលខ្លួនបានកំណត់ពីមុនថា នឹងបំពេញឲ្យបាននៅក្នុងឆ្នាំ២០២៩។
ទោះបីជាមានផែនការថ្មីក៏ដោយ ក៏អេស្ប៉ាញដែលបានចំណាយត្រឹមតែ ១,៣ភាគរយលើវិស័យការពារជាតិក្នុងឆ្នាំ២០២៤ ជាកម្រិតទាបបំផុតក្នុងចំណោមសមាជិកអង្គការណាតូជាច្រើននោះ កំពុងរងសម្ពាធឲ្យចំណាយបន្ថែមទៀត៕