ក្រុមអាជ្ញាធរអ៊ុយក្រែន និយាយថា ការវាយប្រហារយានដ្រូនរុស្ស៊ី បានសម្លាប់មនុស្ស ៥នាក់ នៅទីក្រុងភាគខាងជើង Pryluky ស្ថិតក្នុងតំបន់ Chernihiv រួមទាំងសមាជិកគ្រួសារ ៣នាក់ផងដែរ ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko និយាយថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ភរិយារបស់អ្នកជួយសង្រ្គោះក្នុងស្រុកម្នាក់ កូនស្រី និងចៅប្រុសអាយុ ១ឆ្នាំរបស់ពួកគេ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ។
លោក Viacheslav Chaus គឺជាអភិបាលតំបន់ Chernihiv និយាយថា គ្រួសារនេះ ស្ថិតក្នុងចំណោមមនុស្ស ៥នាក់ ដែលត្រូវបានសម្លាប់ ពេលរុស្ស៊ីបើកការវាយប្រហារដោយយានដ្រូន ៦គ្រឿងលើទីក្រុង Pryluky ។ លោកបន្តថា មនុស្ស ៦នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្កោលទោសការវាយប្រហារនេះ និងបានចោទប្រកាន់ទីក្រុងម៉ូស្គូថាបានព្យាយាមស៊ីពេលខ្លួនឯង ដើម្បីបន្តសម្លាប់មនុស្ស ដោយមិនព្រមចូលរួមតុចរចា ។
លោកបានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Xថា ពេលពួកគេយល់ឃើញថាគ្មានការថ្កោលទោសខ្លាំងគ្រប់គ្រាន់ និងសម្ពាធពីពិភពលោក ពួកគេសម្លាប់មនុស្សម្តងទៀត ៕